(ភ្នំពេញ)៖ ក្រោយពីសាលាអាយឃីដ កម្មវិធី UCMAS បានរៀបចំកម្មវិធីជូនដំណើរកុមារ UCMAS កម្ពុជាជ័យលាភីឆ្នើមចំនួន៧២នាក់ ពីការប្រឡងថ្នាក់ជាតិលើកទី៣ ទៅចូលរួមការប្រកួតប្រជែង ក្នុងកម្មវិធីគិតលេខរហ័សថ្នាក់អន្តរជាតិលើកទី២៣ នៅទីក្រុងកូឡាឡាំពួរ កុមារ UCMAS កម្ពុជា បាននាំយកភាពអស្ចារ្យនៅលើឆាកអន្តរជាតិ ជាមួយនិងពាន់រង្វាន់ និងមេដាយសរុបចំនួន៥១រូប ពីថ្នាក់អន្តរជាតិលើកទី២៣នៅម៉ាឡេស៊ី។
ក្នុងពិធីត្រឡប់មកនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះដែរ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ គឺមានវត្តមានអាណាព្យាបាលសិស្សជាច្រើន ក៏ដូចជា អ្នកគ្រូនៃសាលាអាយឃីដ បានរង់ចាំទទួលដោយមានភាពសប្បាយរីករាយជាមួយ និងភាពជោគជ័យរបស់កូន ក៏ដូចជា ភាពជោគជ័យមួយសម្រាប់កម្ពុជាដែលមានកុមារឆ្នើមៗ ចូលរួមក្នុងពិធីប្រឡងគិតលេខរហ័ស ថ្នាក់អន្តរជាតិលើកទី២៣ ដោយបានឈ្នះពានរង្វាន់ និងមេដាយសរុបចំនួន៥១រូប ទៅលើវិញ្ញាសាសរសេរមើល និងស្តាប់ ដែលមានជាង៨០ ប្រទេសនៅលើពិភពលោកចូលរួមផងដែរ។
ក្នុងឱកាសនេះដែរលោក បឺតណាត វង្ស នាយកប្រតិបត្តិ នៃ UCMAS កម្ពុជា និងជាទីប្រឹក្សាអប់រំមកពី UCMAS អន្តរជាតិ បានអបអរសាទរ ដោយក្តីរំភើប រីករាយយ៉ាងខ្លាំងចំពោះជ័យលាភី របស់កុមារកម្ពុជា។ លោកក៏បានបន្តឲ្យដឹងថា សិស្ស UCMAS កម្ពុជាធ្វើបានយ៉ាងល្អក្នុងការប្រឡងនេះ ហើយទទួលបានលទ្ធផលជាទីមោទនដល់ប្រទេសកម្ពុជា។
លោកក៏បានលើកទឹកចិត្ត ដល់កុមារដែលកំពុងសិក្សា ក្នុងកម្មវិធី UCMAS ទាំងអស់ ឲ្យធ្វើការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួន ដណ្តើមពានរង្វាន់ ក្នុងការប្រឡងឆ្នាំក្រោយ ជាពិសេស គឺឆ្នាំក្រោយនេះកម្ពុជាបានជាប់ធ្វើជាម្ចាស់ផ្ទះ សម្រាប់ការៀបចំការប្រឡងថ្នាក់អន្តរជាតិលើកទី២៤ផងដែរ។
ដោយឡែក កញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅ សាលាអាយឃីដ កម្មវិធី UCMAS កម្ពុជាក៏បានឲ្យដឹងថា «សម្រាប់ការវិលត្រឡប់មកវិញរបស់សិស្សឆ្នើម UCMAS កម្ពុជានេះដែរ ខ្ញុំមើលឃើញថា កាលពីឆ្នាំកន្លងទៅនេះ សិស្ស UCMAS ចំនួន៥៤នាក់ បានទៅចូលរួមប្រឡងថ្នាក់អន្តរជាតិ ប៉ុន្តែជាលទ្ធផលមានតែ ៥នាក់ទេដែលទទួលជ័យលាភី ហើយសម្រាប់ឆ្នាំ២០១៨នេះវិញ សិស្ស UCMAS កម្ពុជាដែលទៅចូលរួមប្រឡងថ្នាក់អន្តរជាតិមានចំនួន ៧២នាក់ ហើយមានសិស្សចំនួន ៥១នាក់ ដែលទទួលបានជ័យលាភីត្រឡប់មកវិញ ដូចនេះយើងឃើញថា កុមារកម្ពុជាមានការរីកចម្រើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ»។
កញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅ បានបញ្ជាក់ថា «កញ្ញាពិតមានមោទនភាពយ៉ាងខ្លាំងចំពោះជ័យលាភីរបស់ កុមារ UCMAS កម្ពុជាទាំង ៥១ រូបក្នុងចំណោមកុមារឆ្លាតវៃជាច្រើនមកពីជុំវិញពិភព លោក ជាមួយនិងការប្រឡង ៣វិញ្ញាសារ គឺវិញ្ញាសារសរសេរ ស្តាប់ និងមើល ហើយបេក្ខជនទាំងអស់មានរយៈពេលតែ៨ នាទី ប៉ុណ្ណោះក្នុងការឆ្លើយទៅលើលំហាត់ ២០០សំណួរ សម្រាប់វិញ្ញាសារសរសេរ និងបែងចែកតាមកម្រិតនៃការសិក្សារបស់ពួកគេ»។
កញ្ញា ហេង រចនា បានបញ្ជាក់ឲ្យដឹងផងដែរថា សម្រាប់ការប្រឡងថ្នាក់អន្តរជាតិនៅឆ្នាំក្រោយនេះ គឺកម្ពុជាត្រូវបានគេជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះសម្រាប់ការៀបចំការប្រឡងថ្នាក់អន្តរជាតិលើកទី២៤ ក្នុងវិធី UCMAS គិតលេខរហ័ស ហើយនៅពេលនោះនឹងមានវត្តមានបណ្ដាប្រទេសជាង៨០ ប្រទេសលើពិភពលោកមកចូលរួម នៅក្នុងប្រទេសកម្ពុជា ហើយសម្រាប់កម្ពុជាដែលឈានមកដល់ពេលនេះ គឺដោយសារតែមានការគ្រាំទ្រពីរាជរដ្ឋាភិបាល ក្រសួងអប់រំ និងអាណាព្យាបាលសិស្សផងដែរ៕