(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០១៨ នេះជាលើកទី៣ហើយ ដែលកម្មករ-កម្មការិនី ផ្នែកអនាម័យ និងបរិស្ថាន នៃក្រុមហ៊ុនស៊ីនទ្រី និងមន្ទីរសាធាណរការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានទទួលនូវ អំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្ដទុក្ខដាក់ ជួយសម្រាលរាល់ទុក្ខ លំបាកប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យតែមានការលំបាក គឺមានវត្ដមានកាកបាទក្រហមកម្ពុជា។
ជាក់ស្ដែងនៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយជាស្បៀង និងសម្ភារជូនដល់បងប្អូនកម្មករ-កម្មការិនី ផ្នែកអនាម័យ ក្រុមហ៊ុន ស៊ីនទ្រី ចំនួន១,៨០៦នាក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ចំនួន៤៥៩នាក់ សរុបចំនួន ២,២៦៥នាក់ ក្នុងរាជធានីភ្នំពេញ ដែលប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្ដាល។
ក្នុងពិធីនោះ ក៏មានអញ្ជើញចូលរួមពីអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង, តំណាងក្រុមហ៊ុនស៊ីនទ្រី, ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងគណៈប្រតិភូមួយចំនួនទៀត។
ក្នុងឱកាសនោះ លោកស្រី ឡុង ពេញ ដែលជាកម្មការិនី នៃក្រុមហ៊ុនស៊ីនទ្រី បានសម្ដែងនូវការត្រេកអរស្ទើរស្រក់ទឹកភ្នែក ថា «ខ្ញុំសប្បាយចិត្ដណាស់ ដែលទទួលបាននូវអំណោយជាស្បៀង សម្ភារ និងថវិកាមួយចំនួន ដែលបាជួយសម្រាលនូវទុក្ខលំបាករបស់គ្រួសារខ្ញុំមួយរយៈពេលផងដែរ»។
ទន្ទឹមនឹងនោះ កម្មករ-កម្មការិនីជាច្រើនរូបទៀត បានលើកឡើងពីទឹកចិត្ដសប្បាយរីករាយស្រដៀងៗគ្នាថា ថ្ងៃនេះសប្បាយចិត្ដណាស់ ដែលបន្ដទទួលបាននូវអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា ហើយនេះជាលើកទី៣ហើយ ដែលពួកគាត់ បានទទួលអំណោយនេះ ពិសេសថ្លែងអំណរគុណ ដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែងយល់ពីទុក្ខលំបាករបស់ប្រជារាស្ដ្រ ដោយមិនទុក្ខពួកគាត់ចោលនោះឡើយ។
សូមជម្រាបថា ប្រជាពលរដ្ឋកម្ពុជា បានចាត់ទុកសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមាតាមនុស្សធម៌ និងជាថ្នាក់ដឹកនាំដ៏គំរូ ដែលបានដឹកនាំកាកបាទក្រហមកម្ពុជា ដោយមានការយកចិត្ត ទុកដាក់ មានក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្ត ដល់ប្រជាជនទូទៅ ដែលជួបការលំបាក ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ គឺជួយសង្គ្រោះ គ្រប់ពេលវេលា គ្រប់ទីកន្លែង យ៉ាងទាន់ពេលវេលា ទាំងស្បៀងឧបភោគបរិភោគ លំនៅឋាន អណ្ដូងទឹក គ្រោះធម្មជាតិ បញ្ហាស្រូវស្រែចំការ និងបញ្ហាផ្សេងៗទៀត ដែលជាសេចក្ដីត្រូវការចំាបាច់ សម្រាប់ប្រជាពលរាស្ដ្រ ។
លើសពីនោះ ក្នុងឱកាសជួបសំណេះសំណាល លោកស្រី ឃួន សុដារី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពីក្តីនឹករលឹក និងកោតកោតសរសើរ នូវការពលីកម្ម កម្លាំងកាយចិត្ដរបស់បងប្អូនកម្មករ-កម្មការិនីអនាម័យ និងបរិស្ថានទាំងអស់ ខិតខំបំពេញការងារ ដោយមិនខ្លាចប្រឈមនឹងភាពស្អុយរលួយ ហាលថ្ងៃ ហាលភ្លៀង យប់ ថ្ងៃដោយយកសុខភាពរបស់ខ្លួន ប្តូរជាមួយសុខភាពអ្នកដទៃ ឬសាធារណជន ដើម្បីចូលរួមសម្អាតទីក្រុងឲ្យមានសោភ័ណភាព និងបរិស្ថានស្អាតដែលជាផ្នែកមួយជួយលើកមុខមាត់ប្រទេសជាតិយើងផងដែរ។
បើតាមការគូសបញ្ជាក់ពី លោក ឃួង ស្រេង បានឲ្យដឹងថា ចំពោះបញ្ហាអនាម័យ បរិស្ថាន ក្នុងកម្មវិធីបុណ្យជាតិផ្សេង កម្មករ-កម្មការិនី ជាច្រើនពាន់នាក់ បានលះបង់ពេលវេលាសម្រាកពេលយប់ មកបំពេញការងារប្រមូល ការវិចខ្ចប់ ដឹកជញ្ជូនសម្រាម មានសំអាតផ្លូវជាដើម ជាក់ស្ដែង ថ្មីៗនេះ ក្នុងព្រះរាជពិធីបុណ្យអំទូក បរិមាណសំរាម ប្រមូលបាន មានចំនួន រហូតទៅដល់ ៨,៨២១តោន រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំចាត់ចែង កម្លាំងបុគ្គលិក កម្មករគ្រប់ផ្នែក សរុបចំនួន២,២៦៥នាក់ ដើម្បីធ្វើការប្រមូល ការវិចខ្ចប់ ដឹកជញ្ជូនសម្រាម មានសំអាតផ្លូវ កម្រាថ្មម៉ាត់ និងថែទាំសួនច្បារ ក្រោយពេលបញ្ចប់ពិធី ជារៀងរាលថ្ងៃ ដើម្បីបំពេញការងារ បានទាន់ពេលវេលា ធ្វើឲ្យបញ្ហាអនាម័យ បរិស្ថាន មានភាពល្អប្រសើរ៕