(កេនយ៉ា)៖ កម្ពុជា និងកេនយ៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញឲ្យកិច្ចសហប្រតិបត្តិការ កាន់តែស្និតស្និតថែមទៀតរវាងប្រទេសទាំង២។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា និងកេនយ៉ា នៃដំណើរបំពេញបេសកកម្មរបស់នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្តីពីការចរចាកិច្ចព្រមពៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសលើកទី១១ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។
ការចុះកិច្ចព្រមព្រៀងសេវាដឹកជញ្ជូន តាមផ្លូវអាកាសរវាងកម្ពុជា-កេនយ៉ាននេះ ភាគីកម្ពុជា ចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ និងភាគីកេនយ៉ា ចុះហត្ថលេខាដោយលោក ជេម វៃណៃណា ម៉ាចារៀ (H.E Mr. James Wainaina Macharia) រដ្ឋមន្ត្រីដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងអភិវឌ្ឍទីក្រុង ប្រទេសកេនយ៉ា។
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា «ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងនេះ នឹងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត នៃវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ (កម្ពុជា-កេនយ៉ា) និងផ្តល់លទ្ធភាពជូនក្រុមហ៊ុនអាកាសចរកេនយ៉ាអ៊ែវ៉េស៍ (Kenya Airways) ពិចារណាពង្រីកជើងហោះហើររបស់ខ្លួនមកកាន់ ព្រះរាជាណាចក្រកម្ពុជា តាមរយៈបន្តជើងហោះហើររបស់ខ្លួនមានស្រាប់ពីទីក្រុង បាងកក ប្រទេសថៃឡង់ដ៍ និងពីទីក្រុងគួងចូវ ប្រទេសចិន»។
ដោយឡែកចំពោះកិច្ចប្រជុំទ្វេភាគី រវាងកម្ពុជា និងចក្រភពអង់គ្លេស តំណាងអាជ្ញាធរអាកាសចរស៊ីវិលអង់គ្លេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ដែលនៅតែបន្តរក្សាទំនាក់ទំនងល្អជាមួយគ្នា និងពុំមានអ្វីប្រែប្រួលឡើយលើការអនុវត្តអនុស្សរណៈយោគយល់ (MOU) ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣ ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ នៅពេលដែល ចក្រភពអង់គ្លេស ចាកចេញពីសហគមអឺរ៉ុប នៅដើមឆ្នាំ២០១៩ខាងមុខនេះ។
សូមជម្រាបថា សន្និសីទអន្តរជាតិ ស្តីពីការចរចាកិច្ចព្រមពៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសលើកទី១១ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ដែលសហការរៀបចំដោយអាជ្ញាធរអាកាសចរស៊ីវិលកេនយ៉ា និងអង្គការអាកាសចរស៊ីវិលអន្តរជាតិ។ សន្និសីទអន្តរជាតិនេះ មានការចូលរួមពីបណ្តាប្រទេសជាសមាជិក ៧៧ប្រទេស និងអង្គការអន្តរជាតិមួយចំនួនទៀត។
ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិនេះ លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ទទួលជួបប្រជុំទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់ នៃចក្រភពអង់គ្លេស កេនយ៉ា ទួកគី សហរដ្ឋអាមេរិក អាហ្វ្រិកខាងត្បូង ព្រះរាជាណាចក្រច័យដិន អូម៉ង់ និងរ៉ូវ៉ាន់ដា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអាកាសចរស៊ីវិល និងជំរុញឲ្យមានការហោះហើរជាបន្ថែមទៀត មកកាន់ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ជូនថា សម្រាប់ឆ្នាំ២០១៨នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាស ប្រមាណ១០លាននាក់ ដោយមានអត្រារីកចំរើន២៥% បើប្រៀបធៀបនឹងឆ្នាំ២០១៧កន្លងមក ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យដ៏វែងឆ្ងាយ នៃគោលនយោបាយបើកចំហជើងមេឃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕