(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុង បានបើកវគ្គបណ្តុះបណ្តាលជំនាញជួសជុល និងតំឡើងម៉ាស៊ីនត្រជាក់ ដែលមានរយៈពេលចាប់ពីថ្ងៃទី១១ ខែធ្នូ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នេះដល់សិក្ខាកាមជំនាញចំនួន៣៥០នាក់ ដែលមានសិក្ខាកាមជំនាញដែលចូលរួមមកពី៦ខេត្តក្រុងផ្សេងៗគ្នា គឺខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុងព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ។
កម្មវិធីបណ្តុះបណ្តាលជំនាញជួសជុល និងតំឡើងម៉ាស៊ីនត្រជាក់ ដែលមានរយៈពេលដល់ទៅ១៧ថ្ងៃនេះ មានការរៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ជាមួយនឹងសម្ភារគ្រឿងអេឡិចត្រូនិចរបស់សាមសុង ដែលបង្ហាត់បង្ហាញដោយគ្រូជំនាញ របស់ក្រុមហ៊ុន សាមសុងផ្ទាល់តែម្តង។
វគ្គបណ្តុះបណ្តាលជំនាញនេះ មានគោលដៅធំៗសំខាន់ចំនួន៣គឺ៖
១៖ ការបណ្តុះបណ្តាលអំពីជំនាញ ទៅលើការតម្លើងម៉ាស៊ីនត្រជាក់ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ ជាមួយនឹងទំនុកចិត្តខ្ពស់បំផុតសម្រាប់អតិថិជន
២៖ ការកសាងនូវទំនុកចិត្ត និងភាពជឿជាក់ ក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុនសាមសុង ដែលផ្តល់នូវភាពងាយស្រួល ក្នុងការតម្លើង និងជួសជុល
៣៖ ការពង្រឹងបន្ថែមទៅលើចំណេះដឹងថ្មីៗកាន់តែទូលំទូលាយ និងជំនាញកម្រិតខ្ពស់ សម្រាប់ការតម្លើងទៅលើម៉ាស៊ីនត្រជាក់សាមសុង ដូច្នេះក្រោយបញ្ចប់នូវវគ្គបណ្តុះបណ្តាល ទៅលើជំនាញគ្រឿងអេឡិចត្រូនិចនេះ សិក្ខាកាមដែលចូលរួមនឹងទទួលបាននូវចំណេះដឹងយ៉ាងច្រើនដែលជួយពួកគេកាន់តែមានភាពងាយស្រួលនៅក្នុងការផ្តល់នូវសេវាកម្ម គុណភាពរហ័សល្អបំផុត និងភាពជឿជាក់ខ្ពស់បំផុតសម្រាប់អតិថិជនរបស់សាមសុង។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាមសុង ជាក្រុមហ៊ុនដែលឈានមុខគេនៅលើពិភពលោក ផ្នែកបច្ចេកវិទ្យា ដោយផ្តល់នូវរបកគំហើញថ្មីៗ សម្រាប់ជួយឲ្យការរស់នៅរបស់មនុស្ស កាន់តែស៊ីវិល័យ និងប្រកបដោយភាពងាយស្រួលបំផុត។ តាមរយៈរបកគំហើញថ្មីៗឥតឈប់ឈរ របស់ក្រុមហ៊ុនសាមសុង ឃើញមានការវិវត្តន៍កាន់តែប្រសើរឡើង ទៅលើផលិតផលគ្រឿងអេឡិចត្រូនិចទំនើបៗជាច្រើនដូចជា ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ប្រើប្រាស់នៅផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE និងដំណោះស្រាយជាច្រើនទៀត នៅក្នុងវិស័យឧស្សាហកម្មព័ត៌មានបច្ចេកវិទ្យា ៕