(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោក Gerry McGowan តំណាងទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ (NCA) នៃចក្រភពអង់គ្លេស ទទួលបន្ទុកកម្ពុជា វៀតណាម ឡាវ និងម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
នៅក្រោយជំនួបរវាង នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជាមួយលោក Gerry McGowan, លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ឲ្យដឹងថា អគ្គស្នងការនគរបាលជាតិ បានទទួលស្វាគមន៍ចំពោះការទទួលបានភារកិច្ចថ្មីរបស់លោក Gerry McGowan និងសន្យាសហការគ្នាឲ្យបានល្អរវាង NCA និងនគរបាលជាតិកម្ពុជា។
ជាការឆ្លើយតប លោក Gerry McGowan ក៏បានប្តេជ្ញាចិត្តថានឹងខិតខំបង្កើនទំនាក់ទំនងកិច្ចសហការជាមួយកងកម្លាំងនគរបាលជាតិឲ្យកាន់តែល្អថែមទៀត។
ដោយឡែក នាយឧត្តមសេនីយ៍ នេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការវាងស្ថាប័នអនុវត្តច្បាប់ទាំងពីរ ជាពិសេសពាក់ព័ន្ធ ទៅនឹងការបង្ការ ទប់ស្កាត់ជាមួយបទឧក្រិដ្ឋឆ្លងដែន ដែលកន្លងមកយើងបានសហការបង្រ្កាបករណីលាងលុយ ទប់ស្កាត់ជនសង្ស័យមួយចំនួន ដែលមកកម្ពុជាក្នុងគោលដៅប្រព្រឹត្តបទល្មើសអនាចារលើកុមារ។
ក្នុងជំនួបនេះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានសំណូមពរមួយចំនួនដើម្បីឲ្យខាង NCA ជួយពង្រឹងលើការបណ្តុះបណ្តាលធនធានមនុស្ស និងសម្ភារបច្ចេកទេសមួយចំនួនពាក់ព័ន្ធ ទៅនឹងការប្រឆាំងឧក្រិដ្ឋកម្មចាត់តាំងគ្រឿងញៀន និងការជួញដូរភេទស្រ្តី និងកុមារ ជាពិសេសបង្កើនទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មាន និងការផ្លាស់ប្តូរមន្រ្តី នៃស្ថាប័នទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ឬក៏បើកប្រតិបត្តិការ (Case by Case) ក្នុងករណីចាំបាច់។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានស្នើឲ្យពិនិត្យឡើងវិញនៅអនុស្សរណៈយោគយល់គ្នាកន្លងមក (MOU) ដែលអនុស្សរណៈនោះ នឹងអស់សុពលភាពនៅចុងឆ្នាំ២០១៩ខាងមុខនេះ ហើយទុកលទ្ធភាពឲ្យសេនាធិការដ្ឋាន និងលោក Gerry McGowan ពិនិត្យលើខ្លឹមសារ ពិចារណា ដើម្បីធ្វើបច្ចុប្បន្នភាព និងបន្តចុះ (MOU) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែលបន្តទៀត៕