(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅកម្ពុជា តំណាងនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ រួមជាមួយបណ្ដាស្ថានទូត និងស្ថានតំណាងបេសកកម្ម ប្រចាំនៅកម្ពុជា នៅសាលប្រជុំក្រសួងមហាផ្ទៃ។
យោងតាមរបាយការណ៍លទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅកម្ពុជា បានឲ្យដឹងថា វិនិយោគិន និងអ្នកទេសចរបរទេស ដែលមកប្រទេសកម្ពុជា បានទទួលរងគ្រោះមានចំនួន ៥២៧ករណី រងគ្រោះសរុប ៧០៤នាក់ (ស្លាប់២៤១នាក់ របួស១៦៩នាក់ បាត់បង់ទ្រព្យសម្បត្តិ ៣២១នាក់) មាន ៥៨សញ្ជាតិ លើ២០រាជធានី-ខេត្ត (បើប្រៀបធៀបជាមួយឆ្នាំ២០១៧ មាន២៤៥ករណី រងគ្រោះ២៥៥នាក់ កើនឡើង២៨២ករណី និង៤៤៩នាក់)។
ក្រៅពីជនបរទេសរងគ្រោះ ក៏មានជនបរទេសប្រព្រឹត្តបទល្មើសមានចំនួន ២៧៥ករណី ឃាត់ខ្លួនសរុប ១,០២០នាក់ មាន៣៧សញ្ជាតិ លើ១៩រាជធានី-ខេត្តទូទាំងប្រទេស ក្នុងបទល្មើស៣១ប្រភេទ (បើប្រៀបធៀបជាមួយឆ្នាំ២០១៧ មាន១៤២ករណី ឃាត់ខ្លួន៤៧៨នាក់ កើនឡើង១៣៣ករណី និង៥៤២នាក់)។
ចំពោះកិច្ចសហប្រតិបត្តិការ ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការងារល្អ ជាមួយបណ្តាស្ថានទូត និងស្ថានតំណាងបេសកកម្មនានា និងបានប្រតិបត្តិការដោះស្រាយបញ្ហា បានទាន់ពេលវេលា ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន រួមទាំងបានការពារគណៈប្រតិភូ និងមន្ត្រីការទូតបរទេសនានា ក្នុងនោះបានការពារឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក អូស្រ្តាលី វៀតណាម និងអនុព័ន្ធនគរបាលថៃ ក្នុងដំណើរទស្សនកិច្ច និងការចុះបំពេញបេសកកម្ម ប្រកបដោយសុវត្ថិភាពខ្ពស់។ ឆ្នាំ២០១៨ ក្រុម HOTLINE ជនបរទេស បានទទួលបណ្តឹងសុំអន្តរាគមន៍ពីជនបរទេស និងស្ថានទូតចំនួន ៣៣ករណី បានដោះស្រាយបញ្ចប់ ១៣ករណី និងមិនទាន់បញ្ចប់ ២០ករណី។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារ តំណាងស្ដានទូតប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំ នៅកម្ពុជា ដែលមាននាយឧត្ដមសេនីយ៍ ថោង លីម បានយកចិត្តទុកដាក់ ដឹកនាំការការពារ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋខ្លួន និងការការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន ភ្ញៀវទេសចរណ៍បរទេស មន្ត្រីការទូត ទីតាំងស្ថានទូត និងនិវេសនដ្ឋានឯកអគ្គរាជទូត-រដ្ឋទូត ដែលមានវត្តមាននៅកម្ពុជា និងសំណូមពរឲ្យក្រុម HOTLINE ជនបរទេស បន្តដោះស្រាយបញ្ចប់ករណី ដែលនៅសេសសល់។
នាយឧត្ដមសេនីយ៍ ថោង លីម បានណែនាំដល់នាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ជាសមាជិក ត្រូវអនុវត្តតាមផែនការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ អោយមានប្រសិទ្ធិភាពខ្ពស់ ក្នុងការការពារសន្តិសុខ ជូនវិនិយោគិន និងអ្នកទេសចរបរទេស ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញ និងលើកទឹកចិត្តវិស័យវិនិយោគ និងទេសចរណ៍នៅកម្ពុជា៕