(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចបានត្រៀមរួចរាល់ហើយ ក្នុងការស្នើថ្វាយព្រះមហាក្សត្រ ផ្តល់សិទ្ធិធ្វើនយោបាយចំពោះជនដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងមក នៅពេលសេចក្តីស្នើច្បាប់នេះចូលជាធរមាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចតេជោ បានព្រមានថា ជនដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ហើយមិនអនុវត្តតាមសាលដីកា មិនត្រឹមតែមិនទទួលបានការស្នើលើកលែងទេ ថែមទាំងត្រូវជាប់ពន្ធនាគារថែមទៀត។
ការប្រកាស និងព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈដែលសម្តេច បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ១៧,៦២១នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ប្រសិនបើ គេមានការស្នើសុំមកនាយករដ្ឋមន្រ្តី ហើយនាយករដ្ឋមន្រ្តីបានពិនិត្យឃើញថា គេមិនបានប្រឆាំងនឹងសាលដីកា តុលាការកំពូលនោះទេ។ ត្រូវចាំថា អ្នកដែលប្រឆាំងនឹងសាលដីការបស់តុលាការកំពូល មិនមែនត្រឹមតែអត់បានសិទ្ធិធ្វើនយោបាយឡើងវិញទេ គឺត្រូវជាប់គុកថែមទៀតផង»។
សម្តេចបានបញ្ជាក់ថា «នៅពេលច្បាប់ចូលជាធរមាន ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តី ខ្ញុំត្រៀមនឹងទទួលយកនៅសំណើរបស់សាមីជនម្នាក់ៗ មិនមែនតំណាងឱ្យបក្សនយោបាយណាមួយមកស្នើទេ បុគ្គលម្នាក់ៗត្រូវស្នើមកនាយករដ្ឋមន្រ្តី ឬស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។
សេចក្តីស្នើច្បាប់ស្តីពីវិសោនកម្ម ច្បាប់គណបក្សនយោបាយ ត្រូវបានរៀបចំដោយតំណាងរាស្រ្តចំនួន៨៧រូប ដើម្បីកែប្រែនូវមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖
«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។
សេចក្តីស្នើច្បាប់នេះ ត្រូវបានរដ្ឋសភាសម្រេចបោះឆ្នោតអនុម័តនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ ដែលគេជឿថា នឹងបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិមួយចំនួន ដែលគោរពត្រឹមត្រូវតាមសាលដីការបស់តុលាការកំពូលនោះ មានសិទ្ធិធ្វើនយោបាយឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានពន្យល់ផងដែរថា សេចក្តីស្នើច្បាប់នេះ ធ្វើឡើងមិនតម្រូវចំពោះតែគណបក្សណាមួយនោះទេ ប៉ុន្តែជាការសម្តៅអនុវត្តចំពោះគណបក្សនយោបាយទាំងអស់នៅកម្ពុជា ដែលអាចនឹងកើតឡើងរឿងនេះនៅថ្ងៃណាមួយ។
សម្តេចបានលើកឡើងយ៉ាងដូច្នេះថា៖ «ហេតុអ្វីក៏ត្រូវធ្វើ មិនមែនសម្តៅទៅលើគណបក្សនយោបាយណាមួយ ឬក្រុមណាមួយទេ ក៏ប៉ុន្តែធ្វើនេះ គឺសម្តៅលើបក្សនយោបាយទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះថានៅក្នុងច្បាប់ស្តីពីពន្ធនាគារ អនុញ្ញាតឱ្យនាយករដ្ឋមន្រ្តី សុំលើកលែងទោសឱ្យទណ្ឌិតនៅពេលណាក៏បាន ហ្នឹងគឺទាក់ទងជាមួយនឹងច្បាប់អ្នកជាប់គុក គឺបើកផ្លូវឱ្យនាយកស្នើសុំទៅព្រះមហាក្សត្រ ដើម្បីរាជទានទោស នៅពេលណាក៏បានដែរ ប៉ុន្តែច្បាប់ស្តីពីបក្សនយោបាយ ដែលបក្សនយោបាយនោះត្រូវរំលាយ ហើយមេដឹកនាំរបស់ពួកគេត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ មិនមែនច្រកណាមួយបើកផ្លូវឱ្យនាយករដ្ឋមន្រ្តីធ្វើការសុំលើកលែងទេ ហើយជាផ្លូវច្បាប់ សាលក្រមតុលាការកំពូលបិទផ្លូវតវ៉ា។ ដូច្នេះមានន័យថា អត់មានច្រកចេញតែម្តង បើចង់ឱ្យកាត់ឡើងវិញ គឺផ្ទុយនឹងសាលក្រមតុលាការកំពូល»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជម្រើសដែលនៅសល់ បន្ទាប់ពីសិក្សាគ្នាមក គឺនៅមានជម្រើសពាក់ព័ន្ធតែជាមួយនឹងបើកច្រកឱ្យនាយករដ្ឋមន្រ្តី ស្នើថ្វាយព្រះមហាក្សត្រ ដើម្បីឱ្យជនដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយនេះ មានសិទ្ធិធ្វើនយោបាយឡើងវិញ។
លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ និង លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី បានប្រកាសគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំច្បាប់ ដើម្បីបើកផ្លូវឱ្យជនដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ឱ្យមានសិទ្ធិពេញលេញ ក្នុងការធ្វើនយោបាយឡើងវិញ។
ប៉ុន្តែ លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ កាលពីម្សិលមិញ បានប្រឆាំងចំពោះការរៀបចំច្បាប់នេះ។ លោកបានប្រកាសតាមបណ្តាញសង្គម Facebook ដោយព្រមានដល់អតីតថ្នាក់ដឹកនាំទាំងអស់ថា នរណាដែលទទួលយកការស្នើផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញនាពេលខាងមុខនេះ គឺជាជនក្បត់នឹងបក្សតែម្តង៕