(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា ការបំផុសបំផុលរបស់ក្រុមប្រឆាំងតាមរយៈបណ្តាញសង្គម Facebook ដែលថា គណបក្សប្រជាជននឹងដកតំណែងសម្តេច ស ខេង និង សម្តេច សាយ ឈុំនោះ គឺជារឿងភូតកុហកសុទ្ធសាធ។ ជាមួយគ្នានេះសម្តេចបានអះអាងថា ដោយសារតែក្រុមប្រឆាំង ពូកែភូតភរ បំភ្លៃនេះហើយ ទើបធ្វើឱ្យបក្សរបស់ខ្លួនរលាយ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈដែលសម្តេច បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ១៧,៦២១នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ។
ប្រតិកម្មរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង ជាពិសេសសកម្មជនប្រឆាំង ឆាម ឆានី បានផ្សព្វផ្សាយបំភ្លៃថា គណបក្សប្រជាជនកម្ពុជា នឹងធ្វើសមាជរបស់ខ្លួននៅពេលខាងមុខនេះ ហើយសម្តេចតេជោហ៊ុន សែន នឹងដកដំណែងពីសម្តេចក្រឡាហោម ស ខេង និងសម្តេច សាយ ឈុំ ព្រមទាំងបំភ្លៃទៀតថា សម្តេចតេជោ ហ៊ុន សែន នឹងទៅចិន ហើយគ្មានឱកាសចូលប្រទេសឡើយ។
សម្តេចតេជោ ហ៊ុន សែន បានហៅជនដែលបំភ្លៃរឿងទាំងនេះថា ជាជនតិរច្ឆាន និងក្មេងពាល។
សម្តេចបានមានប្រសាសន៍ថា៖ «ឱ ! អាតិរច្ឆានអើយ ! ថ្ងៃ២៤ អញទៅកោះកុង ថ្ងៃ១៥ អញថ្លែងការណ៍នៅកោះកុង អញមានទៅស្រុកចិនឯណាអញ បើភូតថ្លុកភូតត្រពាំងរបៀបនេះ ឯងធ្វើៗអី? កុំភូត ដោយសារតែពួកឯងពូកែភូតហ្នឹងហើយ បានវាអញ្ចឹង វារលាយ»។
សម្តេចបានបន្តថា «ខ្ញុំនៅក្នុងស្រុកទេ ហើយក៏គ្មានរឿងហ្នឹងកើតឡើងដែរ ចាំមើលទៅ ! គណបក្សប្រជាជនគេចេះណាស់ គេចេះត្រង់ថា នៅជាមួយគ្នាជាង៤០ឆ្នាំហើយ គេអត់ទៅណាឱ្យបែកគ្នាទេ ខ្ញុំមិនចង់ថាឱ្យនរណាទេ»។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកដែរថា ការប៉ាន់ប្រមាណជំហានដើររបស់សម្តេច និងគណបក្សប្រជាជនខុសបែបនេះ បានធ្វើឱ្យសម្តេចឈ្នះជានិច្ច។ ចំណែកសម្តេច ក៏តែងតែប៉ាន់ប្រមាណជំហើរដើររបស់សត្រូវបានយ៉ាងត្រឹមត្រូវផងដែរ ទើបធ្វើឱ្យសម្តេចឈ្នះរហូតមក។
សម្តេចបានថ្លែងថា «អាហ្នឹងយើងឈ្នះគេហើយ តែយើងប៉ាន់ជំហានដើររបស់គេត្រូវ អាហ្នឹងក៏យើងឈ្នះគេ តែគេប៉ាន់ជំហានដើររបស់យើងអត់ត្រូវទេ អាហ្នឹងគឺគេចាញ់ហើយ»៕