(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ អភិបាលខេត្តសៀមរាបថ្មី នឹងត្រូវប្រកាសឲ្យចូលកាន់តែតំណែងជាផ្លូវការ ដែលប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ។
អភិបាលខេត្តសៀមរាបថ្មី គឺលោក ទៀ សីហា ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យមួយតែងតាំងជំនួសលោក ឃឹម ប៊ុនសុង ដែលត្រូវដាក់ឲ្យចូលនិវត្តន៍។
លោក ឃឹម ប៊ុនសុង ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ បន្ទាប់ពីលោកត្រូវ បានចូលនិវត្តន៍ពីអភិបាលខេត្តសៀមរាប។
ដោយឡែក នៅរសៀលថ្ងៃដដែលនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញប្រកាសតែងតាំងលោក ទៀ សីហា ជាប្រធានគណៈកម្មការធិការ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង។
សូមជម្រាបថា លោក ទៀ សីហា ជាកូនទី២របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងខេត្តសៀមរាប កាលពីខែសីហា ឆ្នាំ២០១៧។
លោក ទៀ សីហា អតីតជាមន្ត្រីបម្រើការក្នុងកងយោធពលខេមរភូមិន្ទ មានឋានន្ដរស័ក្ដិថ្នាក់ឧត្តម។ ក្រោយពេលបញ្ចប់ការសិក្សានៅប្រទេសបារាំង លោក ទៀ សីហា បានវិលត្រឡប់មកកាន់មាតុភូមិវិញនាឆ្នាំ២០០១ រួចចូលបម្រើការជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងពេលបំពេញការងារជាមន្ត្រីយោធានេះ លោកបានឆ្លៀតពេលបង្កើនសមត្ថភាពផ្នែកគ្រប់គ្រង នៅរាជបណ្ឌិត្យសភារដ្ឋបាលជាន់ខ្ពស់នាឆ្នាំ២០០៧-២០០៨។
នៅឆ្នាំ២០១០-២០១៣ ស្របពេលវិវាទដីធ្លីកំពុងតែកើតឡើង រាជរដ្ឋាភិបាលបានបង្កើតក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងដីធ្លីនៅទូទាំងប្រទេស ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ។ លោក ក៏ត្រូវបានចាត់តាំងជាប្រធានក្រុមយុវជនស្ម័គ្រចិត្តខេត្តសៀមរាប ដែលនៅក្នុងដំណាក់កាលនោះ លោកត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបផងដែរ។
លោក ទៀ សីហា ជានាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០១៩៨៦៤ ទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ដោយព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១១ និងទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ ដោយព្រះរាជក្រឹត្យចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤។
លោក ទៀ សីហា ជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។ ក្រៅពីបំពេញការងារជានាយទាហានជាន់ខ្ពស់ នៃកងយោពលខេមរភូមិន្ទ និងការងារផ្នែកសង្គមនៅតាមបណ្ដាមូលដ្ឋាននានា ជាមួយក្រុមយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជា លោក ទៀ សីហា តែងតែអមដំណើរក្នុងបំពេញបេសកកម្មនៅក្រៅប្រទេសរបស់សម្ដេចពិជ័យសេនា ទៀ បាញ់។
លោក ទៀ សីហា ក៏មានតួនាទីជាសមាជិកអចិន្ត្រៃយ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលទើបនឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងមហាសន្និបាតនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ៕