(កោះកុង)៖ ក្រោយពីមានកាតព្វកិច្ចការពារប្រទេសជាតិ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន កម្លាំងអាវុធហត្ថ ខេត្តកោះកុង ក៏បានចូលរួមថែរក្សាអនាម័យបរិស្ថាន នៅតាមដងផ្លូវសាធារណៈផងដែរ ដើម្បីលើកស្ទួយប្រទេសជាតិ ឲ្យមានសោភ័ណ្ឌភាពលើគ្រប់វិស័យ ក្នុងការអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍។
ជាក់ស្តែង នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថ ខេត្តកោះកុង ចំនួន២៥០នាក់ បានធ្វើអនាម័យថែរក្សាបរិស្ថាន ក្នុងខេត្តកោះកុង ដើម្បីអបអរសាទរក្នុងពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
លោក តាំង ឈុនស្រេង មេបញ្ជាការរង អាវុធហត្ថខេត្ត និងជាអ្នកដឹកនាំកម្លាំងអាវុធហត្ថ ធ្វើអនាម័យបរិស្ថាន បានឲ្យដឹងថា ក្រោយពីមានតួនាទីការពារមាតុប្រទេស និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ កម្លាំងអាវុធហត្ថ ក៏មានកាតព្វកិច្ចចុះធ្វើអនាម័យថែបរិស្ថាន ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
លោក តាំង ឈុនស្រេង បានលើកឡើងថា ដើម្បីអបអរសាទរក្នុងពិធីបុណ្យសមុទ្រ និងរំកិលឈានជិតចូលមកដល់ នៅថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ មេបញ្ជាការអាវុធហត្ថខេត្ត បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីរៀបចំសណ្តាប់ធ្នាប់ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ក្នុងដំណើរកំសាន្តពិធីថ្ងៃបុណ្យសមុទ្រនេះ។
មេបញ្ជាការរង អាវុធហត្ថខេត្ត បានបញ្ជាក់ថា ហេតុដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការទាំងអស់គ្នា ក្នុងផ្តល់ព័ត៌មាននូវពេលមានបញ្ហាអ្វីមួយ ដែលកើតឡើង ដើម្បីកម្លាំងសមត្ថកិច្ចងាយស្រួល ចុះអន្តរាគមន៍ជូនបងប្អូន។
ជាមួយគ្នានោះ លោក តាំង ឈុនស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមឲ្យបងប្អូនចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីថែរក្សាសុខភាព និងទីក្រុងស្អាត ហើយសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕