(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានរៀបចំកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «កម្រងសម្រង់បទប្បញ្ញត្តិច្បាប់សំខាន់ៗទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល, រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានការពាក់ព័ន្ធកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងគ្រប់តំណាងអង្គភាពថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ថ្លែងក្នុងពិធីនេះ លោកបណ្ឌិតសភាចារ្យ បានថ្លែងថា នៅក្នុងការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានអនុវត្តដំណាក់កាលទី១ តាំងពីឆ្នាំ២០០៥ រហូតមកដល់ដំណាក់កាលទី៣នេះ,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់បន្តទៀត លើការពង្រឹងនិងចូលរួមចំណែកអនុវត្តគាំទ្រ «អភិបាលកិច្ចល្អ» ដែលយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ នៅតែចារឹកទុកជាស្នូលនិងត្រូវបង្កើនល្បឿនបន្ថែមទៀត ដើម្បីសម្រេចគោលដៅយុទ្ធសាស្រ្ត កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។ ការអនុវត្តយុទ្ធសាស្ដ្រចតុកោណទាំង ៣ ដំណាក់កាលកន្លងមក បានផ្ដល់ផលជាការផ្លាស់ប្ដូរស៊ីជម្រៅនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងការលើកកម្ពស់ជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង, ទាំងខាងសម្ភារៈនិងទាំងស្មារតី, តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព សមធម៌ បរិយាប័ន្ន និងធន់នឹងវិបត្តិ ដោយវឌ្ឍនភាពជាទីមោទកៈនេះ ក៏មិនអាចខ្វះបាននូវការពង្រឹងប្រសិទ្ធភាពនៃអភិបាលកិច្ចរបស់ស្ថាប័នរដ្ឋ។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ក៏បានលើកឡើងបន្ថែមថា ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងបេសកកម្មដឹកនាំ និងគ្រប់គ្រងការងារសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាតិ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានភារកិច្ចដឹកនាំការរក្សាវិន័យហិរញ្ញវត្ថុសាធារណៈ និងការគោរពច្បាប់ហិរញ្ញវត្ថុ ក្នុងគោលដៅធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុសាធារណៈទាំងមូលប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃអភិបាលកិច្ចល្អ ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ ស្របតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។ ក្នុងន័យនេះ ដើម្បីបង្កើនល្បឿននៃអភិបាលកិច្ចល្អ ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកំពុងខិតខំបង្កើត ក៏ដូចជាធ្វើបច្ចុប្បន្នកម្មឧបករណ៍កិច្ចការគតិយុត្ត ដើម្បីធ្វើជាឧបករណ៍ក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ប្រកបដោយប្រសិទ្ធភាព។
ជាក់ស្តែង «កម្រងសម្រង់បទប្បញ្ញត្តិច្បាប់សំខាន់ៗទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» ដែលត្រូវបានបោះពុម្ពនៅឆ្នាំ២០១៣ កន្លងទៅ ត្រូវបានធ្វើបច្ចុប្បន្នកម្មនិងបោះពុម្ពឡើងវិញនៅឆ្នាំ២០១៨ នេះ តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម ដើម្បីឆ្លើយតបនឹងដំណើរវិវត្តនៃលិខិតបទដ្ឋានគតិយុត្តនិងតម្រូវការការងាររបស់តួអង្គប្រតិបត្តិករ ដែលកម្រងសម្រង់នេះនឹងក្លាយជាឧបករណ៍ការងារគាំទ្រដល់ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាអាចជាឧបករណ៍ការងារជួយដល់ការងារកែទម្រង់ផ្សេងទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ទៀតថា ការបង្កើតជាកម្រងសម្រង់នេះឡើង គឺពិតជាពុំមែនជាការចៃដន្យនោះទេ តែសមិទ្ធផលនេះ គឺជាឧបករណ៍ការងារដ៏គន្លឹះមួយ សំដៅចូលរួមចំណែកពង្រឹងនីតិរដ្ឋ និងពង្រីកវប្បធម៌នៃការគោរពច្បាប់ផង និយាយជារួម ព្រមទាំងរួមចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការជាអ្នកប្រតិបត្តិផ្ទាល់ទាំងឡាយ ក្នុងការពង្រឹងប្រសិទ្ធភាពនៃអភិបាលកិច្ចនិងសមត្ថភាពស្ថាប័ន នៅក្នុងការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោកបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ចូលរួមឱ្យបានសកម្មក្នុងការ ផ្តល់មតិកែលម្អ និងស្ថាបនាសមិទ្ធផលនេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត ទាំងផ្នែកទម្រង់ និងខ្លឹមសារ សំដៅឆ្លើយតបឱ្យចំនឹងសេចក្តីត្រូវការជាក់ស្តែង ក្នុងការពង្រឹងអភិបាលកិច្ចល្អ និងសមត្ថភាពស្ថាប័ន ដែលជាអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល៕