(ព្រះសីហនុ)៖ លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅវេលាម៉ោង០៩៖០០ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មានបទល្មើសលួចយកកាបូបលុយ របស់អ្នកលក់ដូរមួយកន្លែង នៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលម្ចាស់បានទុក ក្នុងតូបលក់ដូរនៅមុខផ្ទះ។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ទោ ហួ យ៉ៃ បានធ្វើការស្រាវជ្រាវរកឃើញ និងចាប់ខ្លួនមុខសញ្ញាបានភ្លាមៗផងដែរ។
លោកវរសេនីយ៍ទោ ហួ យ៉ៃ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ លឹម តៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅដូចកន្លែងកើតហេតុ។ ចំណែកម្ចាស់សម្ភារ ឈ្មោះ គុណ អៀ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅដូចកន្លែងកើតហេតុ ដែលបានទុកក្នុងតូបមុខផ្ទះ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ជញ្ជៀន៤វង់, ខ្សែដៃ១ខ្សែ, ក្រវិល១គូ, ត្បូងតូចៗ៨គ្រាប់, ប្រាក់១៥០ដុល្លារ និងម៉ូតូ១គ្រឿង របស់ជនសង្ស័យ។ ករណីនេះ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់៕