(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ មានការរៀបចំសិក្ខាសាលាស្តីពី កិច្ចពិគ្រោះយោបល់ទីផ្សារផលិតផលកសិកម្ម រវាងសហគមន៍កសិកម្ម និងដៃគូពាណិជ្ជកម្មនៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ លោក អោម ពេជ្រ ប្រធានសម្របសម្រួលគម្រោង Rice-SDP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមហ៊ុនបៃតងកម្ពុជា និងតំណាងក្រុមហ៊ុន Amru Rice លោកអភិបាលស្រុកគោលដៅ ប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោក ឈឹម សាបុន នាយកគ្រប់គ្រងកម្មវិធី Rice-SDP ខេត្តបាត់ដំបង និងប្រធានសហគមន៍កសិកម្មមកពីស្រុកគោលដៅចំនួន៤ស្រុក តំណាងក្រុមហ៊ុនគ្រឿងយន្តកសិកម្ម ក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម ក្រុមហ៊ុនកែច្នៃ និងនាំចេញ និងតំណាងគម្រោងខេត្តទាំង៣រួមមាន៖ កំពង់ធំ ព្រៃវែង និងបាត់ដំបង បានចូលរួមចំនួន១៤៨នាក់។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក ឈឹម សាបុន នាយកគ្រប់គ្រងកម្មវិធី Rice-SDP ខេត្តបាត់ដំបង ស្តីពី វឌ្ឍន៍ភាពនៃការអនុវត្តសកម្មភាព ក្នុងក្របខណ្ឌកម្មវិធីក្នុងការគាំទ្រ ដល់សហគមន៍កសិកម្មរួចមក លោក ងួន រតនៈ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត សូមគាំទ្រទាំងស្រុង ដែលបានធ្វើកម្មវិធីនេះឡើង ដើម្បីឲ្យមន្ទីរជំនាញនានាពិភាក្សាពិគ្រោះយោបល់ជាមួយ ប្រធានសហគមន៍កសិកម្ម ដែលមកពីមូលដ្ឋាននៅតាមស្រុកគោលដៅក្នុងខេត្ត។

អភិបាលខេត្ត បានបញ្ជាក់ថា គម្រោង Rice SDP ជាគម្រោងមួយកំពុងសាកល្បងដោយបានកិច្ចសហការ ចូលរួមជាមួយក្រសួងជំនាញពាក់ព័ន្ធនានា អនុវត្តកន្លងមកទើបគម្រោងនេះសម្រេចបានជោគជ័យ។

លោកបានបន្តថា សិក្ខាសាលានេះ បានធ្វើឡើងដើម្បីជជែកគ្នារវាងតំណាងសហគមន៍កសិកម្មជាមួយ និងមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធ ផ្លាស់ប្តូរយោបល់គ្នា រកគន្លឹះធ្វើយ៉ាងណាដើម្បីទទួលជោគជ័យ និងការផលិតស្រូវឲ្យបានច្រើន ដោយសហការជាមួយដៃគូពាណិជ្ជកម្មជម្រុញការ នាំចេញអង្ករតាមរយៈក្រុមហ៊ុននានា ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិយើងផងដែរ៕