(រតនគិរី)៖ កម្លាំងជំនាញបានចុះបង្រ្កាបករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន (វិធានញុះញង់) ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់។ ករណីចុះឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់នេះ ត្រូវបានធ្វើឡើង នៅវេលាម៉ោង ១៣៖៣០នាទី រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ នៅចំណុចផ្ទះមុខសញ្ញា ស្ថិតក្នុងភូមិតាវែងលើ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងថា ប្រតិបត្តការនេះ មានការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើស និងដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តរតនគិរី កម្លាំងជំនាញសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងយោធាស្រុក កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកតាវែង បានឆែកឆេររកឃើញម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន ៣ថង់ធំ និងWY ១ថង់ធំ។
មន្ត្រីនគរបាលខាងលើ បានប្រាប់បន្តថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនមាន៖ ឈ្មោះ តាំង សុធី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ហូយ សុថៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះនួន វណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះអូន ឆេន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។
ក្រោយពីបានឃាត់ខ្លួន ជនសង្ស័យក៏ត្រូវបានឲ្យធ្វើតេស្តទឹកនោម លទ្ធផលវិជ្ជមាន (+)០៣នាក់ អវិជ្ជមាន(-) ម្នាក់។
វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ៣ថង់ធំ និង១កញ្ចប់តូចទម្ងន់ ២៨០.៣៣ក្រាម ទាំងសំបកថង់, WYចំនួន៧ថង់ ស្មើ ១.៤០០គ្រាប់, ដាវ១ដើម, ម៉ូតូ៣គ្រឿង និងទូរស័ព្ទ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត៕