(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ, លោក Vàclav Bàlek អគ្គនាយក អភិវឌ្ឍកិច្ចសហប្រតិបត្ដិការនៅក្រសួងការបរទេសនៃសាធារណឆែក បានប្ដេជ្ញាជួយគំាទ្រ និងដោះស្រាយនូវបញ្ហាប្រឈមនាន ជុំវិញនឹងសុខភាព របស់ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន ក្នុងវិស័យសុខាភិបាល ។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីសុខាភិបាល ក៏បានបង្ហាញនូវផែនការយុទ្ធសាស្ដ្រសំខាន់ៗដែលក្រសួងសុខាភិបាលកំពុងអភិវឌ្ឍ ដោយផ្ដោតសំខាន់ទៅលើយុទ្ធសាស្ដ្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី គឺត្រូវគ្របដណ្ដប់ការការពារសុខភាពប្រជាពលរដ្ឋ ពិសេស កម្មករ កម្មការិនី និងប្រជាជនក្រីក្រ ដែលអត់លទ្ធភាព ឲ្យទទួលបានការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ។
ជាងនេះទៅទៀត រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បញ្ជាក់ថា ពិសេសធ្វើយ៉ាងណាកាត់បន្ថយបញ្ហាប្រឈមនានា ពិសេស ជំងឺមិនឆ្លង ដូចជា ជំងឺទឹកនោមផ្អែម, បេះដូង, ប្រព័ន្ធប្រសាទ និងគ្រោះថ្នាក់ចរាចរណ៍ ទោះជំងឺនេះមិនមែនជាជំងឺឆ្លង តែវាប្រឈមខ្លាំង ដែលក្រសួង ត្រូវធ្វើការពុះពារ ដោយត្រូវធ្វើការជាមួយក្រសួងពាក់ព័ន្ធ ។
លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ទៅសាធារណៈរដ្ឋឆែកថា «ក្រសួងសុខាភិបាល ក៏កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយចំនួន ពិសេសជំងឺគ្រុនចាញ់ និងគ្រុនឈាម ដែលកន្លងមកនេះ ក្រសួងក៏បានទទួលបាននូវភាពវេជ្ជមាន ក្នុងការកាត់បន្ថយអត្រាការស្លាប់នៃជំងឺគ្រុនចាញ់ ដោយក្នុងឆ្នាំ២០១៨នេះ មិនទាន់មានករណីស្លាប់ នឹងជំងឺនេះនោះទេ ហើយក្រសួង នឹងខិតខំប្រឹងប្រែង បន្ដនូវយន្ដការឈានទៅការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង នៅឆ្នាំ២០២៥»។
ក្នុងឱកាសនោះ សាធារណឆែក ក៏បានថ្លែងកោតសរសើរ នូវភាពរីកចម្រើនរបស់កម្ពុជា ទាំងក្នុងវិស័យសុខាភិបាល និងហេដ្ឋានរចនាសម្ព័ន្ធ, ផ្លូវគមនាគមន៍ ហើយជីវភាពប្រជាជនកម្ពុជាក៏កាន់តែធូរធារ ពិសេស គឺសុខសន្ដិភាព ព្រោះខណៈដែលលោកធ្វើដំណើរ និងបំពេញកិច្ចការងារនៅកម្ពុជា គឺមានសុខសុវត្ថិភាពគ្រប់ទីកន្លែង មិនមានការភិតភ័យអ្វីឡើយ ។
ព្រមជាមួយនឹងភាពរីកចម្រើន សាធារណឆែក ក៏នៅតែបន្ដជួយគាំទ្រ និងរីករាយស្វាគមន៍ ដល់ក្រសួងសុខាភិបាលជានិច្ច ក្នុងការជួយដោះស្រាយនូវបញ្ហាប្រឈមនានា និងខិតខំប្រឹងប្រែងបន្ដក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការ ក្នុងវិស័យសុខាភិបាលមួយនេះ ។
ជាការឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល គ្រោងនឹងស្នើសាធារណៈរដ្ឋឆែក ចំនួនពីរចំណុច រួមមាន ជំងឺឆ្លង និងជំងឺមិនឆ្លង, ការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីសហការគ្នា ក្នុងការកាត់បន្ថយការអត្រាស្លាប់ និងឈឺដោយជំងឺទាំងនេះ ។
រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្ដិការ របស់សាធារណរដ្ឋឆែក ដែលកន្លងមក ឆែកបានជួយលើកកម្ពស់ សុខុមាលភាព ដល់ប្រជាពលរដ្ឋកម្ពុជា ពិសេស បានប្រើប្រាស់ថវិកា ដែលកម្ពុជាជំពាក់ បង្វែរទៅជាជំនួយអភិវឌ្ឍន៍ លើការបណ្ដុះបណ្ដាល ការសាងសង់មណ្ឌលសុខភាព ជួសជុលមណ្ឌលសុខភាព និងការផ្គត់ផ្គង់បរិក្ខារពេទ្យ នៅតាមមណ្ឌលសុខភាពជាច្រើន រួមទាំង មណ្ឌលសុខភាព រាមអណ្ដើក, ត្រពាំងក្រញូង និងអាគារសម្ភព នៅក្នុងមន្ទីរពេទ្យបង្អែក ស្រុកកោះអណ្ដែត ខេត្ដតាកែវ និងទីតាំងផ្សេងទៀត ដែលប្រើប្រាស់ថវិកា ប្រហែលខ្ទង់ជាង៨០ម៉ឺនដុល្លារ និងសល់ប៉ុន្មានទៀត ត្រូវបានលុបចោល ៕