(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ បានបង្ហាញចម្រៀងពីរបទរៀបរាប់ពីជីវិតដ៏សែនវេទនាក្នុងពេលចេញតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតកាលពី៤១ឆ្នាំមុន។

ដើម្បីរំដោះប្រទេស និងប្រជាជនចេញពីរបបកាប់សម្លាប់ដ៏សែនឃោរឃៅរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្តេចតេជោ ហ៊ុន សែន និងសមមិត្តស្មោះស្ម័គ្ររបស់ខ្លួននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានសម្រេចយកជីវិតប្រថុយនឹងគ្រោះថ្នាក់ភាសខ្លួនទៅប្រទេសវៀតណាម ស្វែងរកជំនួយវាយផ្តួលរំលំរបបខ្មែរក្រហម។ ការសម្រេចចាកចេញរបស់សម្តេចតេជោ ហ៊ុន សែន បានទុកភរិយា និងកូនប្រុសក្នុងផ្ទៃ៥ខែចោល ដោយមិនបានលាសូម្បីមួយមាត់ គឺបានត្រឹមសរសេរសំបុត្រមួយច្បាប់ផ្ញើជូនភរិយាទាំងក្តុកក្តួលជាទីបំផុត។

ក្តីសោកសង្រេង ទុក្ខវេទនា ការឈឺចាប់នៃជីវិតស្វាមីភរិយាក្នុងគ្រាធ្វើបដិវត្តន៍រំដោះអាយុជីវិតប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ ត្រូវបានលាតត្រដាងតាមរយៈបទចម្រៀងពីរបទមានចំណងជើងថា «អក្ខរាទឹកភ្នែក» និងបទ «សំបុត្រលំបាកសរសេរបំផុត»។

ខាងក្រោមជាខ្លឹមសារនៃបទចម្រៀងទាំងពីរ៖

១. «អក្ខរាទឹកភ្នែក»

I. អក្ខរាដួងចិត្ត ដិតស្នាមទឹកភ្នែក អានទាំងយំយែក ស្ទើរបែកឱរ៉ា
អារម្មណ៍ខ្សឹកខ្សួល អួលណែនខ្លោចផ្សា ឧិះឧិវាសនា អនិច្ចាកម្មកាយ ។

II. បងអឺយអូនស្លុត ស្ទើរផុតវិញ្ញាណ មើលពាក្យឧទាន ពុំមានបរិយាយ
គ្រាន់តែផ្តាំពៅ ថាបងនៅឆ្ងាយ រូបកាយបងហ្នឹង ដឹងនៅទីណា ។

III. អានហើយអានទៀត សៀតលាក់នឹងទ្រូង ខ្សឹបប្រាប់បេះដូង លួងកូនស្នេហា
ស្រមៃឃើញភក្រ ដាក់ផ្ទាប់នាសា ស្រង់ក្លិនអក្ខរា ហត្ថាស្វាមី ។

IV. កម្មអឺយកម្មខ្ញុំ ធំលើសចក្កវាឡ ដល់ភ្លើងឆេះកាល្ប ឬបានជុំប្តី?
ចាំបងរហូត ប្រសូតិកូនខ្ចី ផ្លាស់សករាជថ្មី ស្រីនៅតែទោម្នេញ ។

V. លាក់ក្នុងចិន្តា អក្ខរាចុងក្រោយ បងលាអូនហើយ ថ្ងៃក្រោយជួបវិញ
ជីវិតមេទ័ព ជាប់ដៃបំពេញ ជោគជ័យពេញលេញ វិលវិញជួបអូន ។

VI. នាវាជីវិត រឿងពិតជាក់ស្តែង សង្រ្គាមភ្លើងផ្សែង រលត់សាបសូន្យ
យើងជុំគ្នាវិញ ប្តីសំឡាញ់អូន ជុំបងជុំប្អូន កូនចៅខេមរា ។

២. «សំបុត្រលំបាកសរសេរបំផុត»
I. សំបុត្រលំបាក សរសេរពណ៌នា ផ្ញើជូនភរិយា ជាទីស្រឡាញ់
បញ្ហាពេលនេះ ចាក់សែ្រះកណ្តាញ់ សូមអូនសំឡាញ់ អត់ទោសប្តីណា ។

II. គ្រាន់តែចាប់ផ្តើម ដង្ហើមដង្ហក់ ទឹកភ្នែកចាប់ស្រក់ ដក់ដាមអក្ខរា
ខ្ញុំយំម្នាក់ឯង កន្លែងអនុស្សា បងនិងកន្និដ្ឋា និន្រ្ទាប្រក្រតី ។

III. មកដល់រ៉ានី ប្រពន្ធកម្សត់ របស់បងមួយគត់ កបកល្យាណី
ពេលអានសំបុត្រ កុំស្លុតចិត្តអី ពេលនេះរូបប្តី នៅឆ្ងាយកន្លង ។

IV. រហូតដល់រូបបង ក៏មិនដឹងថា ខ្លួនប្រាណរៀមរ៉ា នៅទីណាផង
វាលវដ្តវិលវល់ យល់ហើយនួនល្អង ជីវិតរបស់បង លើសអ្នកផ្សងព្រេង ។

V. នេះជាពាក្យពេចន៍ ពិបាករកបំផុត សរសេរសំបុត្រ ស្ទើរស្លុតវង្វេង
ភាពមិនទៀងទាត់ ហ៊ុព័ទ្ធស្តាំឆ្វេង ពិបាកនឹងថ្លែង ប្រាប់អូនអោយច្បាស់ ។

VI. នេះជាពាក្យគោល ន័យប្រមូលផ្តុំ ជាពាក្យដែលខ្ញុំ ចាំបានខ្លាំងណាស់
ក្រដាសស៊ីម៉ងត៍ មានវាចត្រង់ខ្លះ ប៉ុន្តែដាមដាស ដោយស្នាមទឹកភ្នែក ។

VII. បញ្ចប់ត្រឹមឃ្លា លាដើម្បីជួប គ្មានកំណត់ខែខួប រៀបរាប់វែកញែក
បង្កប់អត្ថន័យ លាយនឹងទឹកភ្នែក សង្ឃឹមរំលែក ចែកនឹងអស់សង្ឃឹម ។

VIII. ប្រើពេលពីរម៉ោង ឃ្លោងឃ្លាប៉ុណ្ណឹង សញ្ជប់សញ្ជឹង រំពឹងផ្ទូរផ្ទឹម
ដើម្បីភរិយា មានក្តីសង្ឃឹម អនាគតញញឹម ជួបជុំប្តីកូន៕