(ភ្នំពេញ)៖ ទន្ទឹមនឹងរដ្ឋសភាដំណើរការរៀបចំសេចក្តីស្នើវិសោធនកម្មច្បាប់ ដែលនឹងផ្តល់សិទ្ធិពេញលេញ ក្នុងការធ្វើនយោបាយដល់អតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិឡើងវិញនោះ លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ បានព្រមានដល់អតីតថ្នាក់ដឹកនាំរបស់ខ្លួន មិនឱ្យទទួលយកការដកបម្រាមនេះឡើយ ហើយប្រកាសថា បើសិនជាមាននរណាម្នាក់ទទួលយកការដកបម្រាមនេះ អ្នកនោះគឺជាជនក្បត់បក្សតែម្តង។

លោក សម រង្ស៉ី បានបញ្ជាក់ប្រាប់ទាំងនៅលើ Facebook និងវិទ្យុបារាំង RFI ឲ្យដឹងថា បើអតីតមន្រ្តីគណបក្សសង្រ្គោះជាតិណា ព្រមទទួលយកការដកបំរាមសិទ្ធិធ្វើនយោបាយនោះ គឺជាអ្នកក្បត់នឹងគណបក្សសង្រ្គោះជាតិ។

កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម។ តាមសេចក្តីថ្លែងការណ៍របស់ រាជរដ្ឋាភិបាល, កម្ពុជានឹងសិក្សាដើម្បីដកបម្រាមធ្វើនយោបាយ ពីអ្នកនយោបាយដែលតុលាការកាត់ទោស ដែលសម្តៅបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំ របស់អតីតគណបក្សសង្រ្គោះជាតិធ្វើនយោបាយឡើងវិញ។

រដ្ឋសភា ក៏បានសម្រេចបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ដើម្បីបោះឆ្នោតអនុម័តលើ សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិមានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ៕