(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យលោក គ្រីស្ទាន រ៉េរ៉េន បាហ្គេតតូ (Christian Rehren Bargetto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឈីលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោក ត្រូវបានតែងតាំងជាឯកអគ្គរដទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឈីលី ប្រចាំកម្ពុជា នៅវិមានព្រឹទ្ធសភា។

លោក គ្រីស្ទាន រ៉េរ៉េន បាហ្គេតតូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យលោកចូលជួបសម្តែងការគួរសមនាពេលនេះ។

 ជាមួយគ្នានេះ លោកបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា លោកមានកិត្តិយសដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះរាជានុញ្ញាតឱ្យចូលគាល់ និងជូនសាតាំង កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ។

លោកបានសម្តែងនូវសេចក្តីរីករាយ ដែលបានមកបំពេញបេសកកម្មការទូតប្រចាំកម្ពុជា ហើយសង្ឃឹងថា នាពេលខាងមុខ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងព្រឹទ្ធសភានៃសាធារណរដ្ឋឈីលី នឹងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិល្អជាមួយនឹងគ្នា ព្រមទាំងមានការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើមុខងារនីតិកម្ម មុខងារតំណាង និងមុខងារត្រួតពិនិត្យ។

លោក គ្រីស្ទាន រ៉េរ៉េន បាហ្គេតតូ បានបញ្ជាក់ជូនសម្តេចប្រធានព្រឹទ្ធសភាថា នាថ្ងៃទី១៧-១៩ ខែ មករា ឆ្នាំ២០១៩ ខាងមុខនេះ គណៈប្រតិភូសភានៃសាធារណរដ្ឋឈីលីចំនួន០៦រូប នឹងមកចូលរួមក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅខេត្តសៀមរាប។
 
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងការអបអរសាទរជូនចំពោះលោកឯកអគ្គរដ្ឋទូត ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋឈីលី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឈីលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា បេសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា នឹងបានរួមចំណែកក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងអង្គការនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងទៅអនាគតឲ្យរីកចម្រើនជាបន្តបន្ទាប់។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ប្រទេសកម្ពុជាមានសត្តានុពលខាងវិស័យទេសចរណ៍ និងធន ធានធម្មជាតិ។ សម្តេចសង្ឃឹមថា តាមរយៈលោកឯកអគ្គរដ្ឋទូត នឹងជួយជំរុញអ្នកវិនិយោគ និងអ្នកទេសចរឱ្យមកវិនិយោគ និងទស្សនកិច្ចនៅប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានប្រកាសត្រៀមខ្លួន នឹងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយ នឹងលោកឯកអគ្គរដ្ឋទូត ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ក្នុងនោះ សម្តេមប្រធានព្រឹទ្ធសភា ចង់ឲ្យមានទំនាក់ទំនងល្អរវាងអង្គការនីតិប្បញ្ញតិ្ត នៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍រវាងសមាជិកសភា និងមន្ត្រីសភានៃប្រទេសទាំងពីរ។

តាមរយៈលោកឯកអគ្គរដ្ឋទូតសម្តេចប្រធានព្រឹទ្ធសភា ក៏បានផ្តាំផ្ញើនូវការគោរព និងការសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំកំពូលគ្រប់ថ្នាក់ គ្រប់ផ្នែករបស់ប្រទេសឈីលី និងបានជូនពរលោកឯកអគ្គរដ្ឋទូត ឲ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មនៅ ព្រះរាជាណាចក្រកម្ពុជា៕