(ភ្នំពេញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី «ការប្រកាសសមាសភាពគណៈកម្មការអន្តរក្រសួង-ស្ថាប័ន សម្រាប់គ្រប់គ្រងការអូសរាយបណ្តាញខ្សែកាប្លិ៍-ខ្សែកាប្លិ៍អុបទិកទូរគមនាគមន៍ នៅទីប្រជុំជន ទីក្រុង រាជធានី ខេត្តនៃកម្ពុជា ដោយមានលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធានគណៈកម្មការ ព្រមទាំងអនុប្រធាន និងសមាជិកជាតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តទាំង២៤ផងដែរ។
គណ:កម្មការអន្តរក្រសួង-ស្ថាប័ននេះ ត្រូវបានបង្កើតឡើងដើម្បីជម្រុញការពង្រីក និងពង្រឹងបណ្ដាញខ្សែកាប្លិ៍អុបទិក នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលជាមូលដ្ឋានគ្រឹះសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅកាន់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល។
គណៈកម្មការនេះមានភារកិច្ច៖
* សិក្សាពីស្ថានភាពខ្សែកាប្លិ៍អុបទិកនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់ស្តង់ដារបច្ចេកទេស និងពង្រីកបណ្ដាញខ្សែកាប្លិ៍អុបទិកក្រោមដី លើអាកាស ឲ្យកាន់តែមានភាពប្រសើរឡើង។
* រៀបចំបទដ្ឋានគតិយុត្ត ដើម្បីសហការរៀបចំប្រើប្រាស់ និងដាក់រាយបណ្ដាញខ្សែកាប្លិ៍ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធក្រសួង ស្ថាប័នដទៃ ដើម្បីសោភ័ណ្ឌភាព និងចៀសវាងការជីកគាស់ហេដ្ឋារចនាសម្ព័ន្ធច្រើនដង។
* ត្រួតពិនិត្យគុណភាពប្រព័ន្ធអ៊ីនធឺណិត បណ្ដាញខ្សែកាប្លិ៍ និងខ្សែកាប្លិ៍អុបទិក ដែលកំពុងប្រតិបត្តិការនិងប្រើប្រាស់នៅគ្រប់រាជធានី ខេត្ត ដើម្បីជំរុញការប្រើប្រាស់ឱ្យកាន់តែទូលំទូលាយ និងធានាគុណភាពសេវាជូនអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា៕