(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីសិក្ខាសាលាស្តីពីនីតិវិធី នៃការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ការអនុវត្តថវិកាកម្មវិធី ដែលរៀបចំដោយក្រុមការងារកែទម្រង់ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ នៃគ.ជ.ប និងឧបត្ថម្ភដោយ កម្មវិធីកែទម្រង់គ្រប់គ្រងហរិញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងក្នុងសិក្ខាសាលានៅខេត្តកំពង់ចាមនាថ្ងៃនេះថា សិក្ខាសាលានេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពមន្ដ្រី ក្នុងការរៀបចំថវិកាកម្មវិធី និងការអនុវត្តថវិកាកម្មវិធី ជាពិសេសអំពីនីតិវិធី នៃការត្រួតពិនិត្យតាមដាន និងវាយតម្លៃអំពីសកម្មភាពអនុវត្តថវិកាកម្មវិធី ឲ្យកាន់តែមានលក្ខណៈច្បាស់លាស់ ត្រឹមត្រូវ សុក្រឹត្យភាព តម្លាភាព និងគណនេយ្យភាព។
លោកអះអាងថា ទន្ទឹមនេះក្នុងរយៈពេលពីរឆ្នាំ ដែលគ.ជ.ប បានអនុវត្តថវិកាកម្មវិធី គឺបានឆ្លងកាត់បញ្ហាប្រឈមមួយចំនួន ប៉ុន្ដែគ.ជ.ប នៅតែប្រកាន់យកឆន្ទៈបន្ដការខិតខំប្រឹងប្រែងដើរតាមគន្លងនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដើម្បីឈានទៅសម្រេចគោលដៅនៃការអនុវត្តថវិកាកម្មវិធី ដែលជាគោលការណ៍នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហរិញ្ញវត្ថុ សាធាណៈ ដំណាក់កាលទី៣។
សូមជម្រាបថា សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកំពង់ចាម ដោយមានគ្រូឧទ្ទេស និងគ្រូបង្គោលមកពី អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងវិទ្យាស្ថានសេដ្ឋកិច្ច និងហរិញ្ញវត្ថុ៕