(ភ្នំពេញ)៖ លោករដ្ឋមន្ត្រី វេង សាខុន នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យសាស្ត្រាចារ្យ Ma Chengxiang នាយកវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធធានាសាស្រ្ត Gansu នៃសាធារណ:រដ្ឋប្រជាមានិតចិន និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួន។
ក្នុងជំនួបនោះលោករដ្ឋមន្ត្រី និងលោកសាស្ត្រទាក់ទងនឹងប្រធានបទទី១៖ ពិនិត្យលើសំណើគម្រោង ស្តីពីប្រព័ន្ធធានាសាស្រ្តបូមទឹក ដោយប្រើថាមពលព្រះអាទិត្យ បម្រើឲ្យវិស័យកសិកម្ម និងទី២៖ ធ្វើកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាននេះ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីរួមចំណែកអភិវឌ្ឍន៍ វិស័យកសិកម្ម។
លោករដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ ចំពោះគម្រោងស្តីពីការបង្កើតប្រព័ន្ធធារាសាស្រ្តបូមទឹក ដោយប្រើថាមពលពន្លឺព្រះអាទិត្យ បម្រើឲ្យវិស័យកសិកម្ម ដោយសារគម្រោងនេះ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់អ្នកផលិត ពិសេសផលិតកម្មកសិកម្មខ្នាតតូច តាមរយ:ការកាត់បន្ថយថ្លៃដើម ប្រេង ពលកម្ម ពេលវេលា រក្សាបាននូវបរិស្ថានល្អ និងធានាបាននូវនិរន្តរភាពនៃការផលិតឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ។
លោកបានបញ្ជាក់បន្ថែមថា ប្រសិនបើគម្រោងទទួលបានជោគជ័យ នោះវានឹងជួយយ៉ាងច្រើន ដល់ផលិតកម្មដំណាំស្រូវ ផលិតកម្មបន្លែ និងដំណាំកសិ-ឧស្សាហកម្មមួយចំនួនធំទៀត ដែលវានឹងរួមចំណែកលើកកម្ពស់ផលិតភាពផលិតកម្មក្នុងស្រុក ការបង្កើនទិន្នផល បង្កើនប្រាក់ចំណូលគ្រួសារ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីចូលរួមចំណែកសម្រេចឲ្យបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០។
ដើម្បីឲ្យគម្រោងអនុវត្តទៅដោយរលូន និងទទួលបានជោគជ័យ លោករដ្ឋមន្ត្រីបានស្នើសុំឲ្យវិទ្យាស្ថាន សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម រកទីតាំងសមស្របណាមួយធ្វើការស្រាវជ្រាវ និងបង្ហាញដល់អ្នកប្រើប្រាស់ ជាពិសេសសហការជាមួយសហគមន៍កសិកម្ម នៅតាមបណ្តាខេត្តនានាដែលមានសក្តានុពល លើការផលិតដំណាំបន្លែ ស្រូវ និងឈើហូបផ្លែ។ ក្រៅពីនេះ លោករដ្ឋមន្រ្តីបានស្នើឲ្យសាស្រ្តាចារ្យ Ma ជួយសិក្សាស្រាវជ្រាវ និងវាយតម្លៃលើគុណភាពដី ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការកំណត់តំបន់ដាំដុះដំណាំ។
ក្នុងឱកាសនេះ សាស្ត្រាចារ្យ Ma បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី និងសហការីដែលបានផ្តល់កិច្ចសហការ គាំទ្រដល់គម្រោងនេះ ហើយបានឯកភាព និងទទួលយកអនុសាសន៍របស់លោករដ្ឋមន្រ្តីយកទៅអនុវត្ត ហើយបានសន្យាថា នឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពធ្វើយ៉ាងណាឲ្យគម្រោងនេះ សម្រេចបានលទ្ធផលតាមការរំពឹងទុក ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម ឲ្យកាន់តែមានភាពរីកចម្រើន។
សាស្ត្រាចារ្យ Ma ក៏បានបញ្ជាក់ជូនលោករដ្ឋមន្ត្រីថា អនាគតវិទ្យាស្ថាននេះ មានបំណងបង្កើតវិទ្យាស្ថានស្រាវជ្រាវវិស័យកសិកម្មនៅជនបទ ដើម្បីបង្កើនសមត្ថភាពដល់កសិករ សហគមន៍តាមរយ:ការបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ និងផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើបៗឲ្យដល់ដៃអ្នកផលិត៕