(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញកសិកម្មចុះសង្គ្រោះដំណាំធូរ៉េន បែកអន្លូង ដែលកំពុងកើតមានជំងឺផ្សេងៗ ស្ថិតក្នុងភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម បានឲ្យដឹងថា ដំណាំធូរ៉េន នៅក្នុងឃុំអារក្សត្នោត ដែលគេស្គាល់ថាធូរ៉េនបែកអន្លូងនោះ មានចំនួន៣០៣ហិកតា និងផ្តល់ផលជាផ្លែ ចំនួន៤,៦០០តោន ក្នុងមួយឆ្នាំ ដែលក្នុងនោះ មានពូជធូរ៉េន២ប្រភេទ គឺពូជម៉ាន់ថង និងពូជសូនី ប៉ុន្តែបច្ចុប្បន្នដំណាំធូរ៉េននៅតំបន់នោះ មានកំពុងកើតមានជំងឺផ្សេងៗ ពិសេសគឺជំងឺផ្សិត។
បញ្ហាដំណាំធូរ៉េនកើតជំងឺរាតត្បាតនេះ ដោយសារកន្លងទៅថ្មីៗនេះ លោក គួច ចំរើន បានទទួលព័ត៌មានតាមបណ្តាញសង្គម ទើបលោកចាត់វិធានការឲ្យមន្ត្រីជំនាញចុះធ្វើការសិក្សាលើជំងឺ ដំណាំធូរ៉េននោះជាបន្ទាន់ ដើម្បីរកវិធីសាស្ត្រព្យាបាលដើមធូរ៉េន ជូនប្រជាកសិករនៅក្នុងឃុំអារក្សត្នោតនោះ។
ជាមួយគ្នានោះ មន្ត្រីជំនាញកសិកម្ម បានធ្វើបទបង្ហាញពន្យល់ប្រជាកសិករ អំពីវិធីសាស្ត្រព្យាបាលដើមធូរ៉េន ឲ្យរួចផុតពីជំងឺផ្សិត ឬជំងឺផ្សេងៗ និងការដាក់ជី ពោលរបៀបដាំធូរ៉េនឲ្យត្រូវទៅតាមបទដ្ឋានបច្ចេកទេស ធ្វើឲ្យបានទិន្នផលច្រើន។ ស្ថិតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករថា ពិតណាស់លោកត្រូវបានរាជរដ្ឋាភិបាលចាត់តាំង មកជាអភិបាលខេត្ត ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងដែនដីរដ្ឋបាលខេត្ត ប៉ុន្តែមួយផ្នែកទៀតត្រូវដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។
ដូច្នេះបញ្ហាចំពោះមុខនាពេល គឺការដោះស្រាយបញ្ហាជំងឺដំណាំធូរ៉េន ជូនបងប្អូនប្រជាកសិករ គឺជាការចាំបាច់ ហើយពិតណាស់ថា ជំងឺដើមធូរ៉េននេះ លោកធ្លាប់បានណែនាំដល់មន្ត្រីជំនាញ ឲ្យរកវិធានការដើម្បីជួយសង្គ្រោះដំណាំនេះ ឲ្យបានទាន់ពេលវេលា ថ្វីត្បិតតែមិនអាចមកធ្វើការព្យាបាលជូនដោយផ្ទាល់នោះទេ ប៉ុន្តែមន្ត្រីជំនាញត្រូវនាំយកវិធីសាស្ត្រ ការពារ និងព្យាបាលមកបង្រៀនប្រជាកសិករ ដើម្បីឲ្យពលរដ្ឋមានចំណេះដឹងអំពីវិធីសាស្ត្រ ធ្វើការថែទាំដំណាំទាំងនោះឲ្យបានប្រសើរឡើង ដែលជៀសវាងការដាំដុះដោយប្រថុយប្រថាន ខ្វះបច្ចេកទេសក្នុងការថែទាំ ដែលនាំឲ្យដំណាំធូរ៉េន ពីការខូចបន្តិចបន្តួច ទៅជាការខូចខាតធ្ងន់ធ្ងរ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានណែនាំឲ្យប្រជាកសិករនៅឃុំអារក្សត្នោត នាំគ្នាបង្កើតជាសហគមន៍ ក្នុងគោលបំណងចងក្រងសហការគ្នា ដើម្បីផលប្រយោជន៍រួម ធ្វើឲ្យមានភាពរុងរឿងនៃដំណាំធូរ៉េននេះ សម្រាប់ថ្ងៃអនាគត។ ម៉្យាងទៀតការចងក្រងគ្នាជាសហគមន៍ គឺជាការបង្កភាពងាយស្រួល ក្នុងការផ្តល់ព័ត៌មានបានទាន់ពេលវេលា ដល់មន្ត្រីជំនាញដើម្បីរកវិធីសាស្ត្រជួយសម្រួលកិច្ចការផ្សេងៗ ដែលនៅក្នុងសហគមន៍បានជួបប្រទះ នូវផលលំបាកផងដែរ៕