(ភ្នំពេញ)៖ ដោយជឿជាក់លើស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជានោះ IBK ដែលជាធនាគារល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បូង បានបើកសម្ពោធជាផ្លូវការនូវសាខាទីមួយរបស់ខ្លួននៅប្រទេសកម្ពុជា។

កម្មវិធីប្រគល់អាជ្ញាប័ណ្ណជាផ្លូវការ និងកម្មវិធីកាត់ខ្សែបូរសម្ពោធសាខាធនាគារ IBK បានធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគាររ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ក្រោមអធិបតីភាព លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា។

ចាប់តាំងពីការកកើតឡើង នៅក្នុងឆ្នាំ១៩៦១ ធនាគារ IBK បានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍របស់ខ្លួន ក្នុងការផ្តោតលើការផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូច និងមធ្យម។ នាពេលបច្ចុប្បន្ន ធនាគារ IBK កំពុងឈរនៅក្នុងលំដាប់លេខ១ ក្នុងនាមជាធនាគារ ដែលផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូច និងមធ្យមច្រើនជាងគេ នៅក្នុងសាធារណរដ្ឋកូរ៉េ។

បើតាមការចេញផ្សាយរបស់ទស្សនាវដ្តី Global Finance នៅក្នុងឆ្នាំ២០១៧ ធនាគារ IBK ឈរនៅលំដាប់លេខ២០ ក្នុងចំណោមធនាគារ៥០ ដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក និងឈរនៅលំដាប់លេខ៣ ក្នុងចំណោមធនាគារ៥០ ដែលមានសុវត្ថិភាពបំផុត ក្នុងប្រទេស ដែលមានទីផ្សារកំពុងអភិវឌ្ឍន៍។

ធនាគារ IBK បានបើកការិយាល័យតំណាងពាណិជ្ជកម្មរបស់ខ្លួន នៅទីក្រុងភ្នំពេញ កាលពីខែមករា ឆ្នាំ២០១៥ និងបានទទួលអាជ្ញាប័ណ្ណជាគោលការណ៍ ពីធនាគារជាតិនៃកម្ពុជា ក្នុងខែមេសា ឆ្នាំ២០១៨ ហើយឈានមកដល់ការបើកសម្ពោធជាផ្លូវការរបស់ខ្លួននៅថ្ងៃនេះតែម្តង។

លោក Kim Do-Jin ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិរបស់ធនាគារ បានថ្លែងថា ធនាគារ IBK ជាធនាគារបស់រដ្ឋកូរ៉េមួយ ដែលមានចក្ខុវិស័យជាចម្បង ក្នុងការទ្រទ្រង់អាជីវកម្មខ្នាតតូច និងមធ្យម (SME) ហើយគោលបំណងសំខាន់របស់ធនាគារ IBK ដែលហក់ចូលមកទីផ្សារកម្ពុជានាពេលនេះ គឺដើម្បីទ្រទ្រង់ក្រុមហ៊ុននានា របស់សាធារណរដ្ឋកូរ៉េ ដែលកំពុងបណ្តាក់ទុនរកស៉ី នៅក្នុងប្រទេសកម្ពុជា និងអាជីវកម្មកម្មក្នុងស្រុក ក៏ដូចជាដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។

លោកបន្តថា បើគិតត្រឹមចុងឆ្នាំ២០១៧ ធនាគារ IBK បានផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងចំនួនទឹកប្រាក់ច្រើនជាង ១៤២ពាន់លានដុល្លារអាមេរិច ដែលស្មើនឹង ៧៨.២% នៃកម្ចីសរុបរបស់ខ្លួន និងស្មើនឹង ២២.៤% នៃចំណែកទីផ្សារក្នុងវិស័យនេះ នៅសាធារណរដ្ឋកូរ៉េ។

លោក Kim Do Jin បានបន្ថែមថា ក្នុងនាមជាធនាគាររបស់រដ្ឋមួយ IBK នឹងផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏សម្បូរបែប ដែលសក្តិសមសម្រាប់អាជីវកម្មនានា ដែលទើបបង្កើតថ្មី និងអាជីវកម្មខ្នាតតូច ក្រោមគោលដៅ ក្នុងការជួយជំរុញសេដ្ឋកិច្ចជាតិ និងបង្កើនការងារដល់ប្រជាពលរដ្ឋកម្ពុជា។

បើតាមលោកប្រធានក្រុមប្រឹក្សាភិបាល ក្នុងនាមជាធនាគារ ដែលត្រួសត្រាយផ្លូវហិរញ្ញវត្ថុ ដែលស្តែងចេញតាមរយៈជំនាញ និងបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច របស់កូរ៉េ នៅរយៈពេល៥៦ឆ្នាំចុងក្រោយនេះ ធនាគារ IBK នឹងប្រឹងប្រែងបន្តទៀត ដើម្បីសម្រេចចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាធនាគារ ផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូច និងមធ្យម នាំមុខគេនៅទ្វីបអាស៉ី ក្នុងនាមជាដៃគូរហិរញ្ញ វត្ថុរបស់អតិថិជនរបស់ខ្លួន សម្រាប់ពេលអនាគតដ៏ប្រសើរ។

បច្ចុប្បន្នធនាគារ IBK បើកដំណើរការសាខាដំបូងរបស់ខ្លូន នៅទីក្រុងភ្នំពេញ ដែលមានទីតាំង នៅទីក្រុងអូឡាំព្យ៉ា តាមបណ្តោយផ្លូវព្រះមុនីរ៉េត (រង្វង់មូលនាងគង្ហីង) ហើយធនាគារក៏មានគម្រោង ពង្រីកបណ្តាញសាខារបស់ខ្លួនបន្ថែម នៅក្នុងពេលអនាគតដ៏ខ្លី នៅយ៉ាងយូរនៅត្រឹមដើមឆ្នាំ២០២០ ខាងមុខនេះ៕