(ក្រចេះ)៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានពន្លាតដែនដីសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្នួល នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមវត្ថុតាងថ្នាំញៀនចំនួន២០កញ្ចប់ ថ្នាំគ្រាប់ចំនួន១២គ្រាប់ និងសំភារៈសម្រាប់ចែកចាយប្រើប្រាស់គ្រឿងញៀនមួយចំនួន។
នគរបាលស្រុកស្នួលបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ភោគ ម៉ាប់ អាយុ៥០ឆ្នាំ រស់នៅភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ, ទី២ ឈ្មោះ ថៃ យ៉ាន ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ-ឃុំជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាំយកទៅនៅអធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕