(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល១១ ខែឆ្នាំ២០១៨នេះ ខ្លួនប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន៨,២២២.៨៧ប៊ីលានរៀល ដែលស្មើប្រមាណ ២,០៥៥.៧១លានដុល្លារអាមេរិក ស្មើនឹង១០៦.៨៨% នៃផែនការ ដែលក្នុងនោះទំហំចំណូលលើសផែនការមានចំនួន ៥២៩.៣៧ប៊ីលានរៀល ស្មើប្រមាណជា ១៣២.៣៣លានដុល្លារអាមេរិក។
ការបង្ហាញពីចំណូលពន្ធនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល បានបង្ហាញថា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៥០.០២ ប៊ីលានរៀល ស្មើប្រមាណជា១៨៧.៥០លានដុល្លារអាមេរិក។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា «សរុបក្នុងរយៈពេល១១ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានសរុបចំនួន ៨,២២២.៨៧ប៊ីលានរៀល (ប្រមាណ ២,០៥៥.៧១លានដុល្លារអាមេរិក) ស្មើនឹង១០៦.៨៨% នៃផែនការ ដែលក្នុងនោះទំហំចំណូលលើសផែនការមានចំនួន ៥២៩.៣៧ប៊ីលានរៀល (ប្រមាណជា ១៣២,៣៣ លានដុល្លារអាមេរិក)។ ប្រសិនបើប្រៀបធៀបនឹងឆ្នាំ ២០១៧ ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០១៨ មានការកើនឡើងចំនួន ៩១២.៣៦ ប៊ីលានរៀល (ប្រមាណជា ២២៨.០៩លានដុល្លារអាមេរិក) ស្មើនឹង ១២.៤៨%»។
ក្នុងឱកាសនោះ លោក គង់ វិបុល បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមានូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ។
សម្រាប់ឆ្នាំ២០១៨ នេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យបានលើសផែនការឱ្យបានជាអតិបរិមានោះ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្ត យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម៖
* បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតសម្រាប់ឆ្នាំចុងក្រោយនេះ នូវយុទ្ធសាស្ត្រនូវយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៤-២០១៨។
* សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ស្របតាមការណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញផ្ទាល់របស់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំយុទ្ធសាស្ត្រកៀរគរចំណូល ឆ្នាំ២០១៩-២០២៣ ក៏ដូចជា គោលនយោបាយសារពើពន្ធនានាសម្រាប់អនុវត្តនាពេលខាងមុខនេះ។
* បន្តរៀបចំកែសម្រួលតម្លៃអចលនទ្រព្យ ដែលជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។
* រៀបចំកែសម្រួលយន្តការ នៃការបង្វិលសងអាករលើតម្លៃបន្ថែមឱ្យបានកាន់តែប្រសើរជាងនេះថែមទៀត សម្រាប់ស្ថានទូត ក៏ដូចជាសហគ្រាសអាជីវកម្ម ព្រមទាំងគិតគូរដល់ការស្នើសុំបង្វិលសងរបស់ភ្ញៀវទេសចរផងដែរ។
* បន្តកែទម្រង់ធនធានមនុស្ស តាមរយៈការពង្រឹងការគ្រប់គ្រង វាយតម្លៃលទ្ធផលការងារ និងការបណ្តុះបណ្តាល។
* បន្តជំរុញអនុវត្តឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់សំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ ឱ្យកាន់តែមានគុណភាពខ្ពស់ រហ័ស ងាយស្រួល ធ្វើយ៉ាងណាឱ្យរដ្ឋបាលពន្ធដារក្លាយជាស្ថាប័នរដ្ឋ ដែលទទួលបាននូវជំនឿទុកចិត្តខ្ពស់ពីសាធារណជនគ្រប់មជ្ឈដ្ឋាន។
* បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ដោយបន្តអភិវឌ្ឍកម្មវិធីគ្រប់គ្រងការប្រមូលពន្ធ តាមបច្ចេកវិទ្យាព័ត៌មាន ។
* បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារ និងការពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ ក្នុងចំណោមធុរជនគ្រប់មជ្ឈដ្ឋាន តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធពន្ធដារកម្ពុជា។
* សាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ត្រូវពង្រឹងបន្ថែម លើការតាមដានការដាក់លិខិតប្រកាស របស់អ្នកជាប់ពន្ធ៕