(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរ/អង្គភាពជុំវិញខេត្ត បានរៀបចំសម្អាតអនាម័យបរិស្ថាន ចាប់ពីមុខសាលាខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៧ ដោយបែងចែកធ្វើការ សម្អាតតាមដងផ្លូវ កន្លែងកំសាន្ដ និងទីសាធារណៈនានា តំបន់រដ្ឋបាលខេត្ត ជាពិសេសមាត់ច្រាំងទន្លេសិប្បនិមិត្ត ដ៏ស្រស់ស្អាត ដែលជាទីកន្លែងទាក់ទាញបងប្អូន ប្រជាពលរដ្ឋមកលេងកំសាន្ត និងក៏ជាកន្លែងដែលកំពុងអាជ្ញាធរខេត្ត យកចិត្តទុកដាក់ខ្លាំងលើបញ្ហាអនាម័យផងដែរ។
យុទ្ធនាការលើកកម្ពស់អនាម័យបរិស្ថានខាងលើនេះ ធ្វើឡើងនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ដឹកនាំផ្ទាល់ដោយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត និងសិស្សនិសិ្សតមកពីសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សរុបជាង៥០០នាក់។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងថា ការចូលរួមលើកកម្ពស់អនាម័យ និងបរិស្ថាននៅក្នុងសហគមន៍ ពិតជាមានសារសំខាន់ណាស់ ជាពិសេសការប្រមូលសំរាម នៅតាមសាលារៀន នៅតាមផ្ទះ តាមដងផ្លូវសាធារណៈ ក៏ដូចជា រមណីយដ្ឋាន និងកន្លែងផ្សេងៗទៀត។ លោកបណ្ឌិតថា សំរាមនិងកាកសំណល់ជាច្រើន អាចជាប្រភពជំងឺ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វនិងការលូតលាស់ របស់រុក្ខជាតិ។
លោកបានគូសបានបញ្ជាក់ថា «ដើម្បីឲ្យទីរួមខេត្តយើងស្អាត ប្រកបទៅដោយបរិស្ថានល្អ ទាល់តែមានការចូលរួម ដោយផ្តើមចេញពីយើងទាំងអស់គ្នា ទាំងមន្ត្រីរាជការ មន្ទីរ អង្គភាព អាជីវករ និងប្រពលរដ្ឋ ទូទាំងខេត្តទាំងអស់ ដោយក្នុងនោះដែរ ប្អូនៗក្មួយៗ សិស្សានុសិស្សដែលចូលរួមនៅពេលនេះ ជាអ្នកផ្សព្វផ្សាយបន្ត ដល់ឪពុកម្តាយ បងប្អូនជិតខាងនៅតាមមូលដ្ឋាន ដើម្បីឲ្យគាត់ជ្រាបកាន់តែច្បាស់ថា ដើម្បីការពារបរិស្ថានយើងឲ្យបានស្អាតល្អជាទីក្រុងបៃតងនោះ គឺត្រូវតែជា «ទីក្រុងស្អាត គ្មានសម្រាម គ្មានក្លិនមិនល្អ ចោលសម្រាមក្នុងធុងសម្រាម» ក្នុងន័យដើម្បីសោភ័ណភាព បរិស្ថានទីក្រុងខ្លួន សុខភាពខ្លួន និងបងប្អូនកូនចៅរបស់ខ្លួន ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យ មកលេងកំសាន្តផងដែរ»។
ជាមួយគ្នានោះ លោក ជាម ច័ន្ទសោភ័ណ ក៏បានស្នើដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានកាអនាម័យ នៅតាមទីសាធារណៈជាប្រចាំ ដោយត្រូវប្រមូលសម្រាមតាមដងផ្លូវ ច្រាំងទន្លេ សួនច្បា ទីផ្សារ និងរៀបចំដាំកូនឈើ តាមមូលដ្ឋានរបស់ខ្លួន ក្នុងនោះត្រូវទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ អាជ្ញាធរត្រូវធ្វើ ចលនាសិស្សានុសិស្ស និងប្រជាពលរដ្ឋឲ្យចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា និងគ្រប់ពេលជាប្រចាំ៕