(ប៉ៃលិន)៖ ដើម្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញបើកការដ្ឋានស្ថាបនា ផ្លូវលំ១ខ្សែ ប្រវែង២៨០០ម៉ែត្រ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបការលំបាកជាច្រើនឆ្នាំមកហើយ។
លោកស្រី បាន ស្រីមុំ បានលើកឡើងថា ផ្លូវ ស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស បានផ្តល់នូវភាពងាយស្រួលដល់ការដឹកកសិផលទៅលក់នៅទីផ្សារ និងសិស្សាសិស្ស បានធ្វើដំណើរទៅសាលារៀន។
លោកស្រីអ្នកតំណាងរាស្ត្រ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ គឺបានខិតខំប្រឹងប្រែងដោះស្រាយ រាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។
ក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះ ឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង ជាពិសេស ត្រូវចូលរួមអនាម័យភូមិស្រុក ដើម្បីប្រកួតប្រណាំងភូមិស្អាត ភូមិគម្រូ និងសហការលុបបំបាត់បញ្ហាគ្រឿងញៀន និងការឆ្លងដែនខុសច្បាប់ ទៅធ្វើការទាំងប្រថុយប្រថាននៅប្រទេសជិតខាង។
សូមបញ្ជាក់ថា ផ្លូវលំ១ខ្សែដែលអ្នកតំណាងរាស្ត្រ បានចាប់ផ្តើមបើកការដ្ឋានស្ថាបនា នាពេលនេះ គឺមានប្រវែង ២៨០០ម៉ែត្រ ទទឹង៨ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាផ្ទាល់នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី បាន ស្រីមុំ៕