Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសឲ្យចូលកាន់តំណែងអភិបាលស្រុកកោះអណ្ដែតថ្មី លោក គិន ភក្តី ជំនួសលោក មាស អ៊ុយ, អភិបាលខេត្តតាកែវ ផ្តាំដាច់ខាតត្រូវទប់ស្កាត់ ការជួលដីឲ្យជនជាតិវៀតណាម នៅតាមព្រំដែន

11-12-2018 16:39

(តាកែវ)៖ នៅសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់ តំណែងអភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត ដោយតែងតាំងលោក គិន ភក្តី ពីអភិបាលរងក្រុងដូនកែវ មកជាអភិបាលស្រុកកោះអណ្តែត ជំនួសលោក មាស អ៊ុយ ដែលត្រូវទទួលតំណែងជានាយករដ្ឋបាលសាលាខេត្តតាកែវ។

នៅក្នុងឱកាសនេះដែរ លោក អ៊ូច ភា បានជំរុញដល់លោកអភិបាលស្រុក ដែលទើបនឹងទទួលបានការតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារ ដ៏ដូចជា ធ្វើការអភិវឌ្ឍន៍បន្ថែមទៀត នៅក្នុងមូលដ្ឋានស្រុកកោះអណ្តែត ឲ្យមានការអភិវឌ្ឍន៍ ពិសេសគឺត្រូវខិតខំប្រឹងប្រែងទប់ស្កាត់ ឲ្យខានតែបានចំពោះរាល់បទល្មើសគ្រប់ប្រភេទ ពិសេសគឺហាមដាច់ខាតនូវការរជួលដីស្រែ ឲ្យជនបរទេសនៅតាមបន្ទាត់ព្រំដែនជាដាច់ខាត។

លោកអភិបាលខេត្ត បានណែនាំឲ្យមន្រ្តីទាំងអស់ ត្រូវតែសហការគ្នា និងធ្វើការទំនាក់ទំនងឲ្យបានល្អជាមួយនឹងមន្រ្តីចាស់ៗ ដែលពួកគាត់គឺជាអ្នកមានបទពិសោធន៍លើការងារជាច្រើនឆ្នាំ ដោយធ្វើយ៉ាងណាឲ្យការងាររបស់យើងទទួលបានជោគជ័យ។

ជាមួយគ្នានេះដែរ លោក អ៊ូច ភា ក៏បានផ្តាំផ្ញើដល់លោក គិន ភក្តី ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពោលគឺធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋដែលមករកសេវា គឺមានភាពសប្បាយរីករាយ ហើយត្រូវឧស្សាហ៍ចងចាំនូវអភិក្រម គឺងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់៕