(ភ្នំពេញ)៖ កញ្ញា ចិត្ត កញ្ចនា ដែលត្រូវបានការទទួលស្គាល់ពី សំណាក់យុវវ័យជាច្រើនរូបនៅកម្ពុជា តាមរយៈការបង្កើតនូវបទចម្រៀងមិនចម្លងគេ (Original song) ឥឡូវនេះកញ្ញា ចិត្ត កញ្ចនា បានបង្កើតអាល់ប៊ុមរបស់ខ្លួនជាផ្លូវការហើយ ដែលមានឈ្មោះថា Sweet Nightmare។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ កញ្ញា ចិត្ត កញ្ចនា ឲ្យដឹងថា «ហេតុផលដែលខ្ញុំដាក់ចំណងជើងអាល់ប៊ុមឈ្មោះ Sweet Nightmare គឺចង់រំលឹកអំពីអតីតកាលដែល បានឆ្លងកាត់ឧបសគ្គអាក្រក់ៗជាច្រើន កាលពីប៉ុន្មានឆ្នាំកន្លងទៅ ដែលបង្រៀនខ្ញុំ ឲ្យកាន់តែរឹងមាំ និងឲ្យក្រោកឈរឡើង»។
កញ្ញាបន្ដថា អាល់ប៊ុម «Sweet Nightmare» ជាអាល់ប៊ុមចំរៀងពិសេសប្លែក សម្រាប់ឧស្សាហកម្មតន្ត្រីនៅកម្ពុជា និងបានរៀបរាប់អំពីខ្សែរជីវិតរបស់ខ្លួន ដែលបានហែលឆ្លងកាត់នូវជំងឺធ្លាក់ទឹកចិត្ត និងវិធីសាស្រ្ដក្នុងការលើកទឹកចិត្តខ្លួនឯង រឿងរ៉ាវជីវិតស្នេហា និងចែករំលែកដល់អ្នកគាំទ្រតាមរយៈបទចម្រៀងទាំងនេះ។
កញ្ញាបន្តថា «ខ្ញុំបានដាក់អារម្មណ៍របស់ខ្ញុំ, ការប្រឹងប្រែង និងការចំណាយពេលវេលាទាំងអស់ ដើម្បីបង្កើតអាល់ប៊ុមនេះ ហើយអាល់ប៊ុមនេះបានចំណាយពេលប្រមាណ១ឆ្នាំ។ បន្ទាប់ពីចេញអាល់ប៊ុមនេះហើយ ខ្ញុំសង្ឃឹមថា ចម្រៀងទាំងនេះនឹងជួយដាស់អារម្មណ៍អ្នកគាំទ្រទាំងអស់ ឲ្យខិតខំប្រឹងប្រែងហែរឆ្លងនូវរាល់ឧបសគ្គទាំងឡាយ ដើម្បីទទួលបានជោគជ័យ»។
លោក អេង រស្មី អ្នកគ្រប់គ្រងតារាចម្រៀងកញ្ញា ចិត្ត កញ្ចនា ឲ្យដឹងថា «កញ្ចនាពិតជាប្រឹងប្រែងទាំងថវិកា ពេលវេលា ដើម្បីបង្កើតអាល់ប៊ុមនេះឡើង ហើយកញ្ចនាបានប្រាប់ខ្ញុំថា នាងចង់បង្កើតបទភ្លេងដែលមានលក្ខណៈស្ដង់ដារ និងបញ្ចូលអំពីសាច់រឿងពិតក្នុងបទចម្រៀងមួយនេះ»។
លោកបន្តថា «កញ្ញាកញ្ចនាពិតជាធ្វើបានមែន ពីព្រោះនាងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ចំណាយទាំងពេលវេលា និងប្រាក់កាក់ ដើម្បីបញ្ចប់អាល់ប៊ុមនេះហើយខ្ញុំនឹងចូលរួមចែករំលែកបទចម្រៀង របស់នាងទៅកាន់មនុស្សគ្រប់គ្នា»។
កញ្ញា ទេព ច័ន្ទសោភា អ្នកឯកទេសជាន់ខ្ពស់ផ្នែកតន្រ្តី និងកំសាន្ត ក្រុមហ៊ុន Smart Axiata លើកឡើងថា រយៈពេលជាង២ឆ្នាំហើយ ដែលក្រុមហ៊ុន Smart បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចលនាតន្ត្រីថ្មី មិនចម្លងគេក្នុងប្រទេសកម្ពុជា ដោយធ្វើរួមគ្នាជាមួយសិល្បៈក្មេងៗជំនាន់ក្រោយ។
កញ្ញា ទេព ច័ន្ទសោភា បន្តថា «យើងពិតជាសប្បាយរីករាយក្រៃលែង ដែលបានឃើញចលនានេះ មានការដើរទៅមុខយ៉ាងលឿន ហើយនាងខ្ញុំសូមអរគុណដល់មនុស្សទាំងអស់ ដែលតែងតែគាំទ្រតន្ត្រីថ្មីមិនចម្លងគេ ហើយការគាំទ្រនេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់សិល្បៈ»៕