(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាប្រធានអនុគណៈកម្មការសន្តិសុខសណ្ដាប់ ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់ នៃគណៈកម្មការអន្តរក្រសួង​ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ រួមទាំងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន បានបន្តបើកកិច្ចប្រជុំត្រួតពិនិត្យតាមដាន លទ្ធផលការងារតាំងពិព័រណ៍ការពារជាតិ របស់កងយោធពលខេមរភូមិន្ទ សម្រាប់ពិធីសម្ពោធវិមានអនុស្សាវរីយឈ្នះ​ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃទិវានយោបាយឈ្នះ ឈ្នះ ដែលនឹងប្រារព្ធនៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

ពិព័រណ៍ការពារជាតិនេះ នឹងតាំងបង្ហាញអំពីប្រវត្តិសង្ខេបកំណើតកងយោធពលខេមរភូមិន្ទ នៅក្នុងនោះត្រូវបានបែងចែកចេញជា៩ស្តង់ពិព័រណ៍ សម្រាប់តាំងបង្ហាញរួមមាន៖

ទី១៖ស្តង់ពិព័រណ៍អគ្គបញ្ជាការដ្ឋាន
ទី២៖ស្តង់ពិព័រណ៍បញ្ជាការដ្ឋានកងទ័ពជើងទឹក
ទី៣៖ស្តង់ពិព័រណ៍បញ្ជាការដ្ឋានកងទ័ពជើងគោក
ទី៤៖ស្តង់ពិព័រណ៍បញ្ជាការដ្ឋានកងទ័ពជើងអាកាស
ទី៥៖ស្តង់ពិព័រណ៍បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ទី៦៖ស្តង់ពិព័រណ៍បញ្ជាការដ្ឋានអង្គរក្ស
ទី៧៖ស្តង់ពិព័រណ៍បញ្ជាការដ្ឋានវិស្វកម្ម
ទី៨៖ស្តង់ពិព័រណ៍បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំភេរវកម្ម
និងទី៩៖ស្តង់ពិព័រណ៍បញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង៩១១។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើការកោតសសើរ និ​ងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលក្រុមការងារសម្រេចបានគួរជាទីមោទនៈ ទន្ទឹមនឹងនោះលោកបានជំរុញលើកទឹកចិត្ត ឲ្យក្រុមការងារទាំងអស់ ខិតខំកែតម្រូវបំពេញបន្ថែមនូវចំណុចខ្វះខាតដែលនៅសេសសល់ ឲ្យបានរួចរាល់ជាស្ថាពរ ធ្វើយ៉ាងណាឲ្យសម្រេចបានតាមផែនការដែលបាន​កំណត់៕​​