(ភ្នំពេញ)៖​ បន្ទាប់ពីបើកសវនាការមុនអង្គសេចក្តី នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាចៅក្រម​ជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេច​រឹបអូសយក​គ្រឿងញៀន ប្រភេទ​អ៊ិចស្តាហ្ស៊ី (MD និង MA) ចំនួន​១,០០៨.៣៧ក្រាម (ជាង​១០គីឡូ) ដែលសមត្ថកិច្ច​ដកហូតបាន​ពីជនជាប់ចោទ ជាជនជាតិចិន​២នាក់ ទុកបំផ្លាញចោល។​

នៅក្នុងសវនាការ​មុនអង្គសេចក្តី​នេះ ជនជាប់ចោទឈ្មោះ Lin chin chai ភេទប្រុស អាយុ​២៤ឆ្នាំ ជនជាតិចិនដីគោគ និងឈ្មោះ Lai kuan yu ភេទប្រុស អាយុ​២៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ បានបដិសេធ​ថា គ្រឿងញៀន​ទាំងអស់នោះមិនមែន ជារបស់ពួកគេនោះទេ ហើយគ្រឿងញៀនទាំងអស់នោះ ជារបស់ឈ្មោះ Daniva ផ្ញើមកពីប្រទេស​អាល្លឺម៉ង់ ប្រាប់ឲ្យពួកគេទៅទទួល តែពួកគេអត់ដឹងថា វាជាគ្រឿងញៀនឡើយ។

គួររំលឹកថា ជនជាប់ចោទទាំង២នាក់​ខាងលើ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១​៨ នៅ​ប៉ុស្តិ៍ប្រៃសណីកម្ពុជា ​សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហើយនៅពេលឃាត់ខ្លួន ជនជាប់ចោទ ឈ្មោះ Lin chin chai សមត្ថកិច្ច​បានរកឃើញ​គ្រឿងញៀន ចំនួន​១,០០៨.៣៧ក្រាម ដែលច្រកក្នុង​កេសបិតជិត។

ក្រោយឃាត់ខ្លួន ជនជាប់ចោទ​ឈ្មោះ Lin chin chai បានអះអាង​ថា ខ្លួនទៅទទួល​ឥវ៉ាន់នោះ ជំនួស​ជនជាប់ចោទឈ្មោះ Lai kuan yu ហើយក្រោយមកទើបសមត្ថកិច្ចឈានដល់​ការឃាត់ខ្លួន ជនជាប់ចោទឈ្មោះ Lai kuan yu ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕​