(ភ្នំពេញ) ៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កម្ពុជាសម្រេចបានជាង៩០ភាគរយ លើការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨។ លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកស្ទួយវិស័យពិការភាព នៅកម្ពុជា សំដៅជួយដល់ជនមានពិការភាព និង ក្រុមគ្រួសារឱ្យទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើងទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព។
ជាមួយគ្នានោះ ក៏មានការជំរុញឲ្យជនមានពិការភាពបានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ទាំងការទៅចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោត ការទទួលបានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការគិតគូរដាក់បញ្ចូលបញ្ហាពិការភាពក្នុងគ្រប់វិស័យ តាមរយៈការកែសម្រួលនិងរៀបចំលិខិតបទដ្ឋានគតិយុត្ត ការចុះផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាពទៅគ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ ជនមានពិការភាពគ្រប់រូបនៅកម្ពុជា។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ««ការកសាងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣» នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ឯម ច័ន្ទមករា បានលើកឡើងទៀតថា ដើម្បីធានាដល់ការធ្វើបរិយាប័ន្ន និងសមភាពសម្រាប់ជនមានពិការភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៤-២០១៨ ដែលបានអនុវត្តប្រកបដោយជោគជ័យភាព និងត្រៀមបន្តកសាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ ក្នុងទិសដៅឈានទៅលុបបំបាត់រាល់ទម្រង់កេងប្រវ័ញ្ចនឹងរើសអើងលើជនមានពិការភាព ហើយធ្វើយ៉ាងណាឲ្យជនមានពិការភាពកាន់តែទទួលបាននូវការគាំទ្រពីសង្គម បង្កើនគុណភាពជីវិតឲ្យកាន់តែប្រសើរឡើង ទទួលបានការយកចិត្តទុកដាក់ស្របតាមច្បាប់ជាតិនិងលិខិតបទដ្ឋានអន្តរជាតិដើម្បីសង្គមមួយមានសិទ្ធិស្មើគ្នា។
នៅក្នុងសិក្ខាសាលាដដែលនោះ លោក ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមកសាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព រយៈពេល៥ឆ្នាំទៅមុខទៀត គឺចាប់ពីឆ្នាំពី២០១៩ដល់ឆ្នាំ២០២៣ ដើម្បីបង្កើនកិច្ចគាំពារនិងធានាឧត្តមប្រយោជន៍ជូនជនមានពិការឲ្យកាន់តែល្អប្រសើរ។
ក្រុមជនមានពិការភាពមន្រ្តីរាជរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងវិស័យពិការភាពបានរួមពិភាក្សាគ្នាលើបញ្ហាប្រឈមនានាដែលជនមានពិការភាពកំពុងជួប ប្រទះ ហើយលើកជាអនុសាសន៍ដើម្បីឲ្យរាជរដ្ឋាភិបាលឆ្លើយតបឲ្យចំទិសដៅក្នុងរយះពេល៥ឆ្នាំទៅមុខទៀត។
គួរបញ្ជាក់ថា គិតក្នុងឆ្នាំ២០១៨នេះ ជនមានពិការភាព បានចូលបម្រើការងារសរុបចំនួន ២,៨៣៩នាក់ ស្ត្រីមានពិការភាពចំនួន៧៥៦នាក់ ក្នុងនោះពិការកម្រិតធ្ងន់មានចំនួន ១,៤៧៨នាក់ ដែលក្នុងម្នាក់គិតស្មើនឹងចំនួន២នាក់ មានចំនួនសរុប ៤,៤៧១នាក់ ស្មើនឹង ១.៩៣ ភាគរយ ហើយបច្ចុប្បន្នគ្រប់ក្រសួង ស្ថាប័នរដ្ឋ កំពុងជ្រើសរើសឱ្យគ្រប់តាមអត្រាកំណត់ចំនួន ២ ភាគរយ នៅក្នុងឆ្នាំ២០១៩។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការសកម្មភាពជននៃក្រសួងសង្គម អតីតយុទ្ធជននិងយុវនីតិសម្បទា ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី
«ការកសាងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣» ៕