(បាត់ដំបង)៖ សមត្ថកិច្វនគរបាលក្រុងបាត់ដំបង នៅពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន២នាក់ ដែលស្នាក់នៅដោយខុសច្បាប់ ដើម្បីបញ្ជូនទៅប្រទេសខ្លួនវិញ បន្ទាប់ពីបានមកស្នាក់នៅ ពុំមានឯកសារអ្វីឡើយ។
លោកវរសេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋានក្រុងបាត់ដំបង សហការជាមួយការិយាល័យស៉ើបអង្កេត អនុវត្តន៍នីតិវិធី ស្រាវជ្រាវរកឃើញជនបរទេស ជាជនជាតិវៀតណាម ២រូប ដែលស្នាក់នៅគ្មានឯកសារ។
ជនជាតិវៀតណាមទាំង២រូបនោះ រួមមាន៖ ឈ្មោះ ឌូ ធីចាង ភេទស្រី អាយុ៣៤ឆ្នាំ កាន់អត្តសញ្ញាណបណ្ណ វៀតណាម មិនមានឯកសារ ឬលិខិតឆ្លងដែន និងឈ្មោះ ង្វៀង ធីចាង ភេទស្រី អាយុ១៨ឆ្នាំ មិនមានឯកសារ ឬលិខិយឆ្លងដែនឡើយ។
បន្ទាប់ពីបានឃាត់ខ្លួនហើយ សមត្ថកិច្ចជំនាញ បានសាកសួរកសាងសំណុំឯកសា និងគោរពស្នើសុំចាប់បញ្ជូន ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តដើម្បីអនុវត្តតាមនីតិវិធី៕