(កំពង់ឆ្នាំង)៖ ក្រុមចោរ៣នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម ជិះរថយន្ដមួយគ្រឿង បានធ្វើសកម្មភាពចូលប្លន់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ដើម្បីយកគោបាធ្វើអំពីសំរិទ្ធ រហូតឈានដល់ការផ្ទុះអាវុធបណ្ដាលឲ្យប្រជាការពារម្នាក់រងរបួស។ ហេតុការណ៍នេះ នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិដំរីកូន ឃុំអញ្ចាញ់រូង ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង។
បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ ប្រដាប់ដោយអាវុធខ្លី១ដើម ជិះរថយន្ដ១គ្រឿង បានចូលប្លន់ផ្ទះឈ្មោះ ស៊ុយ គឹម ភេទប្រុស អាយុ៥២ឆ្នាំ ហើយបានបាញ់ចំនួន៥គ្រាប់ ត្រូវជនរងគ្រោះម្នាក់ត្រង់ភ្លៅឈ្មោះ វ៉ាត់ សុខសាន អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ជាប្រជាការពារ ខណៈពេលចូលទៅជួយម្ចាស់ផ្ទះ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ម្ចាស់ផ្ទះមានគោបាធ្វើពីសំរិទ្ធ ប៉ុន្តែពួកវាប្លន់យកមិនបាននោះទេ យកបានតែលុយចំនួន៥ម៉ឺនរៀល និងទូរស័ព្ទតែប៉ុណ្ណោះ។
ក្រោយពីធ្វើសកម្មភាពជនសង្ស័យ បានគេចខ្លួនបាត់ចំណែកជនរងគ្រោះ ត្រូវគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្ដកំពង់ឆ្នាំង៕