(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងលោកស្រី អាន ផល្លា ជា ពិសី នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធផ្សេងៗ ក្រៅពីនាំយកបច្ច័យផ្ទាល់ខ្លួនទៅឧបត្ថម្ភ ក៏បានពាំនាំយកបច្ច័យសរុបចំនួន២០៧៥ដុល្លារ និងប្រាក់រៀលចំនួន៩៦ម៉ឺនផ្សេងទៀត ដែលបានមកដោយការរួមចំណែកពីសប្បុរសជននានាផងនោះ ដើម្បីអញ្ជើញចូលរួមជាអធិបតីភាព និងឧបត្ថម្ភ ក្នុងពិធីក្រុងពាលី សាងសង់ឧបដ្ឋានសាលាវត្តញាណរង្សី នាសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ការឧបត្ថម្ភបច្ច័យក្នុងពិធីក្រុងពាលី សាងសង់ឧបដ្ឋានសាលាវត្តញាណរង្សី ដែលមានទទឹង២៨ម៉ែត្រ និងបណ្ដោយ៤៨ម៉ែត្រ មានកម្ពស់៣ជាន់ ខាងលើនេះ លោក ជា ពិសី បានជំរុញឲ្យប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ លោកអាចារ្យ និងអាចារ្យរិនី ឲ្យជួយផ្សព្វផ្សាយនូវព្រះធម៌ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែទូលំទូលាយ។
ក្នុងនោះ សាសនារដ្ឋកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គម និងមិនអាចកាត់ថ្លៃបាន ទាំងការអប់រំចិត្តទូន្មានដល់យុវជន ដែលបានប្រព្រឹត្តអំពើមិនល្អ មានជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ការប្រព្រឹត្តអំពើអសីលធម៌ផ្សេង និងមិនគោរពឱវាទឪពុកម្ដាយ ឬលោកគ្រូអ្នកគ្រូ ជាដើមនោះ អាចងាករេត្រឡប់មកប្រព្រឹត្តអំពើល្អវិញបាន និងចៀសផុតអំពើអបាយមុខផ្សេងៗ ដែលសង្គមកំពុងស្អប់ខ្ពើម ដោយសារយកចិត្តទុកដាក់ផ្ទៀងស្ដាប់ព្រះធម៌ច្រើន។
លោកអភិបាលខណ្ឌឬស្សីកែវរូបនេះ បានបន្ថែមថា «ប្រទេសកម្ពុជារបស់យើង ជាប្រទេសមួយដែលប្រជាជនភាគច្រើន ប្រកាន់គោរពព្រះពុទ្ធសាសនាដ៏លើសលប់ ហើយដើម្បីបញ្ជ្រាបនូវព្រះធម៌ របស់ព្រះសម្មាសម្ពុទ្ធទៅដល់មហាជន របត់នៃការប្រែប្រួលឥរិយាបថរបស់យុវជន យុវនារី ដែលខ្លះជាប់ដោយគ្រឿងញៀន ខ្លះក៏ឪពុកម្ដាយ ឬក៏លោកគ្រូអ្នកគ្រូស្ដីបន្ទោសឲ្យមិនស្ដាប់ក្ដី ឃើញថា មានការផ្លាស់ប្ដូរច្រើន តាមរយៈការយកចិត្តទុកដាក់ស្ដាប់អំពីព្រះធម៌ ព្រះពុទ្ធសាសនា ដែលបានផ្សារភ្ជាប់នឹងសង្គម ស្ថិតក្រោមក្របខ័ណ្ឌរបស់រដ្ឋ ដែលមានការគាំទ្រយ៉ាងពេញទំហឹងពី សំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានក្រសួងធម្មការ និងសាសនា ជាអ្នកអនុវត្តផ្ទាល់៕