(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងថា ការអភិវឌ្ឍត្រូវសហការរវាងប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងជាមួយអាជ្ញាធរក្នុងមូលដ្ឋាន ទើបអាចសម្រេចលទ្ធផលរីកចម្រើន បានដោយជោគជ័យ។
លោកអភិបាលខេត្ត បានថ្លែងបែបនេះ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងអង្គសិក្ខាសាលាស្ដីពី សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំ រំកិលថ្នាក់ក្រុងឆ្នាំ ២០១៩-២០២១ នៅសាលប្រជុំសាលាខេត្តកំពត។
លោក ជាវ តាយ បានគូសបញ្ជាក់ថា ការអភិវឌ្ឍ ត្រូវចូលរួមសហការរវាងប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ សប្បុរសជននានា និងជាមួយអាជ្ញាធរ ក្នុងមូលដ្ឋាន ទើបអាចសម្រេចលទ្ធផលរីកចម្រើន បានដោយជោគជ័យ ព្រោះថា កាអនុវត្តគោលនយោបាយ វិមជ្ឈការ និងសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ នាពេលកន្លងមក គឺជាដំណើរការពង្រឹងរបបប្រជាធិបតេយ្យ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅ បើកឱកាសកាន់តែច្រើន ឲ្យប្រជាពលរដ្ឋ បានចូលរួមចំណែក ដោយផ្ទាល់ក្នុងដំណើរការអភិវឌ្ឍ ជាពិសេសការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។
លោក ជាវ តាយ ក៏បានផ្ដាំផ្ញើដល់តំណាងមន្ទីរជំនាញ និងដៃគូអភិវឌ្ឍន៍នានា បន្តយកចិត្តទុកដាក់ ពិនិត្យពិចារណាបន្ថែមទៀត ទៅលើតារាងម៉ាទ្រិច សង្កាត់ និងក្រុង ដើម្បីជ្រើសរើស នូវគម្រោងណាដែលសមស្របទៅនឹង ទិសដៅវិស័យរបស់ខ្លួន ហើយដែលមន្ទីរជំនាញ ឬដៃគូអភិវឌ្ឍន៍គិតថា មានថវិកាជាស្រេច ដែលផ្ដល់ដោយក្រសួងស្ថាប័ន ឬម្ចាស់ជំនួយផ្សេងៗ សម្រាប់ឆ្លើយតប និងគាំទ្រដល់គម្រោងអភិវឌ្ឍន៍ សង្កាត់ និងក្រុង។
ទន្ទឹមនោះ លោកអភិបាលខេត្ត ក៏បានស្នើឲ្យពិនិត្យឡើងវិញ នូវគម្រោងទាំងឡាយណា ដែលបានធ្វើការសន្យាគាំទ្រ ដល់គម្រោងឆ្នាំកន្លងទៅ ហើយមិនទាន់បានអនុវត្តន៍ ត្រូវខិតខំធ្វើការអនុវត្ត ឲ្យបានទាន់ពេលវេលាផងដែរ៕