Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាសូរណាស់ព្រះអើយ! ដើរលើចញ្ចើមផ្លូវ ត្រូវរថយន្តដឹកខ្សាច់កិនធ្លាយខួរ

11-12-2018 12:38

(ពោធិ៍សាត់)៖ រថយន្តដឹកខ្សាច់បោះពួយយ៉ាងលឿង បុកមនុស្សដើរនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបន្តដាក់មេប្រូច បាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨៖២៥នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥៥ ទល់មុខមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្ត ស្ថិតក្នុងភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុក គឹមហ៊ន អាយុ៦១ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។ មុនពេលកើតហេតុ ជនរងគ្រោះបានដើរតាមចញ្ចើមផ្លូវ ខាងស្តាំដៃ ភ្លាមនោះមានរថយន្ត ១គ្រឿង ម៉ាកHyno ពណ៌ទឹកប៊ិច ដឹកខ្សាច់ ពាក់ស្លាកលេខ 3D-0571 ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន ហើយបានមកបុកជនរងគ្រោះ បណ្ដាលឲ្យធ្លាយខួរស្លាប់នៅកន្លែង ចំណែកអ្នកបើកបររថយន្ត បានរត់គេចបាត់បាត់ស្រមោល។

ករណីនេះសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ រកម្ចាស់រថយន្តចូលខ្លួន មកដោះស្រាយតាមនីតិវិធី ចំណែកឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី៕