(សៀមរាប)៖ ក្រុមហ៊ុនបដិសណ្ឋារកិច្ច ថាលាស បានបើកសម្ពោធ ភោជនីយដ្ឋាន ខេមា ស្ថិតក្នុងខេត្តសៀមរាប មានឈ្មោះថា ភោជនីយដ្ឋាន «ខេមាអង្គរ» ដែលមានទីតាំងនៅតាមបណ្តោយស្ទឹង ភូមិវត្តបូរណ៍ ឃុំសាលាកម្រើក ខេត្តសៀមរាប នឹងបើកបម្រើជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០៖៣០នាទីយប់។
ភោជនីយដ្ឋានខេមាអង្គរនេះ ជាសាខាទីបីហើយ ដែលបានសម្ពោធនៅរាត្រីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីបន្តបម្រើជូនភ្ញៀវ នូវអាហារដែលមានរសជាតិដើម ជាមួយឈុតអាហារ ទទួលទានដោយសេរី នំបុ័ងរសជាតិបែបបារាំង ឈីស សាច់បន្ទះស្តើងៗ នំខេក និងគ្រឿងបរិភោគ ជាច្រើនទៀត។
ទន្ទឹមនឹងនោះ លោក Arnaud DARC (អាណូដាក) ស្ថាបនិកក្រុមហ៊ុនថាលាស បានថ្លែងឲ្យដឹងថា ភោជនីយដ្ឋានខេមា គឺនិយាយអំពីភាពរីករាយ និងអារម្មណ៍អស្ចារ្យជាមួយការទទួលទានអាហារ។ មិនថាពេលព្រឹក ពេលរសៀល ឬពេលយប់ភោជនីយដ្ឋានខេមា តែងតែមានអ្វីពិសេសៗសម្រាប់លោកអ្នកជានិច្ច ដូចជា ការទទួលទានដោយសេរីសម្រាប់អាហារពេលព្រឹក ការទទួលទានដោយសេរីសម្រាប់ អាហារពេលថ្ងៃត្រង់ និងការទទួលទានអាហារ និងស្រាពេលល្ងាច ឬការទទួលទានទឹកតែពេលរសៀល។
លោក Arnaud DARC បានថ្លែងបន្ដថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់ ដែលបាននាំយកទស្សនាទាន របស់ភោជនីយដ្ឋានខេមា មកកាន់ខេត្តសៀមរាប ។ពួកយើង នឹងផ្តល់ជូននូវអាហារដែលមានគុណភាព សេវាកម្មដែលល្អឥតខ្ចោះ និងបរិយាកាសដ៏អស្ចារ្យ សម្រាប់ភ្ញៀវ ដើម្បីរីករាយជាមួយខេមា»។
ខេមាអង្គរ ជាភោជនីយដ្ឋានថ្មីមួយ ដែលបើកបម្រើខាងវិស័យម្ហូបអាហារ ក្នុងខេត្តសៀមរាប ដែលមានតម្លៃសមរម្យ គុណភាពខ្ពស់ និងមានបរិយាកាសល្អ ក្នុងការទាក់ទាញអ្នកដែលចូលចិត្តទទួលទានអាហារ ។
លោកបានបន្ដថា សូមអញ្ជើញមកទស្សនា និងពិសាអាហារ នៅភោជនីយដ្ឋានខេមាអង្គរ ដើម្បីទទួលយកបទពិសោធន៍ថ្មី នូវអ្វីដែលធ្វើឲ្យ ខេមា មានថ្ងៃនេះ។ ហើយយើងក៏មានជាន់ខាងលើសម្រាប់លំហែ បន្ទាប់ពីបំពេញការងាររួច ឬសូមធ្វើការកក់បន្ទប់ សម្រាប់កម្មវិធីជួបជុំរបស់លោកអ្នក។
សូមជម្រាបថា ជាមួយនឹងការចាប់ផ្តើមបើក ភោជនីយដ្ឋាន ជាលក្ខណៈគ្រួសារក្នុងឆ្នាំ១៩៩៧ សព្វថ្ងៃក្រុមហ៊ុន ថាលាស មានបុគ្គលិក សរុបជាង៥០០នាក់ និងសាខាល្បីៗចំនួន៥ ដូចជា ភោជនីយដ្ឋានតូប៉ាហ្ស ភោជនីយដ្ឋានម្លិះ ភោជនីយដ្ឋានខេមា សណ្ឋាគារអារុណរះ និងទស្សនាវដ្តី Cambodge Mag។ ទស្សនៈវិស័យរបស់ថាលាស គឺការជំរុញឲ្យមានបទពិសោធន៍ដ៏អស្ចារ្យ តាមរយៈធ្វើកាក្នុងក្រុមហ៊ុនមួយដែលប្រកបដោយនិរន្តរភាព។
ព័ត៌មានបន្ថែម សម្រាប់ភោជនីយដ្ឋាន ខេមាអង្គរ សូមចូលទៅកាន់គេហទំព័រ www.khema.asia ៕