(ភ្នំពេញ)៖ កញ្ញា កឹម មនោវិទ្យា កូនស្រីសំណព្វចិត្តរបស់ លោក កឹម សុខា បានបន្តព្រលះលោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ យ៉ាងធ្ងន់ធ្ងរតាមបណ្តាញសង្គម Twitter ( ធ្វីតធើ) នៅក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។
កញ្ញា កឹម មនោវិទ្យា បានសរសេរយ៉ាងដូច្នេះថា៖ «សម រង្ស៊ី ទើបតែបានផ្សព្វផ្សាយរឿងកុហកបោកប្រាស់ ទៅកាន់ក្រុមអ្នកការទូតថា ពាក្យសម្តីរបស់លោក កឹម សុខា ក្រុមមេធាវី និងគ្រួសាររបស់លោកផ្ទាល់ សុទ្ធតែមិនអាចយកជាការបាន ព្រោះត្រូវបានធ្វើឡើងក្រោមការបង្គាប់បញ្ជារបស់បក្សកាន់អំណាចប៉ុណ្ណោះ។ ជាថ្មីម្តងទៀតយើងខ្ញុំសូមថ្កោលទោស ចំពោះផែនការមួលបង្កាច់ និងចង់បង្ខូចកេរ្តិ៍ឈ្មោះពីសំណាក់ សម រង្ស៊ី ដែលចង់បំផ្លាញគោលជំហរក៏ដូចជាសំឡេងលោក កឹម សុខា»។
សូមបញ្ជាក់ថា ជម្លោះរវាងកូនស្រី លោក កឹម សុខា និង លោក សម រង្ស៉ី នៅលើបណ្តាញសង្គម បានកើតឡើងជាបន្តបន្ទាប់ ក្រោយពេល ក្រុមអ្នកនិយមគាំទ្រ លោក សម រង្ស៉ី បានរៀបសន្និសីទមួយនៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក កាលពីថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ដោយសម្រេចតែងតាំង លោក សម រង្ស៉ី ឱ្យធ្វើជាប្រធានស្តីទី (អតីត)គណបក្សសង្រ្គោះជាតិ។
ទោះជាយ៉ាងនេះក្តី លោក កឹម សុខា ដែលជាអតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិនោះ មិនបានគាំទ្រ និងទទួលស្គាល់លទ្ថផលសន្និសីទនេះឡើយ។ ជាមួយគ្នានេះ កូនស្រីរបស់ លោក កឹម សុខា រួមទាំងអ្នកគាំទ្រលោកជាច្រើន បានរិះគន់ចំពោះការរៀបចំសន្និសីទនៅអាត្លង់តានេះថា ជាការបំបែកបំបាកផ្ទៃក្នុងរបស់ខ្មោចគណបក្សសង្រ្គោះជាតិ ឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត៕