(ក្រចេះ)៖ លោកស្រី អ៊ិន ម៉ានិត្យ ប្រធានសាលាដំបូងខេត្តក្រចេះ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ បានចេញដីកាសម្រេចឃុំខ្លួនជនជាតិវៀតណាមចំនួន៤នាក់ ដាក់ពន្ធនាការ ក្រោមបទចោទប្រកាន់ «ពីបទបង្កើតឡគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត និងបង្កើតមូលដ្ឋានកែច្នៃផលអនុផលធនធានធម្មជាតិគ្រប់ប្រភេទ» តាមបទបញ្ញាតិ្តមាត្រា៥៨ ចំណុច១ និងមាត្រា៦១ ចំណុច២ នៃច្បាប់ស្ដីពីដំបន់ការពារធម្មជាតិ ប្រព្រឹត្តនៅចំណុចត្រពាំងត្រាច ស្ថិតនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។
លោក ឌួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានឲ្យដឹងនៅល្ងាចថ្ងៃនេះថា ជនសង្ស័យទាំង៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីលួចបើកទីតាំងកែច្នៃផលអនុផលព្រៃឈើ ដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តកាលពីព្រឹកមិញ ដើម្បីបន្តរទៅតាមនីតិវិធីច្បាប់។
លោកប្រធានមន្ទីររូបនោះ បញ្ជាក់ទៀតថា ជនសង្ស័យចំនួន៤នាក់ មានជនជាតិវៀតណាមម្នាក់ ជាមេការនៅទីតាំងធ្វើអាជីវកម្មសិប្បកម្មឡធ្យូងខុសច្បាប់ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តក្រចេះ ឃាត់ខ្លួនបានចំនួន៣នាក់ ខណៈបម្រុងដឹកជញ្ជូនធ្យូងនាំឆ្លងដែនទៅវៀតណាម និងម្នាក់ទៀតត្រូវបានឃាត់ខ្លួននៅទីតាំងខាងលើ។
បើតាមមន្រ្តីជំនាញនៃមន្ទីរបរិស្ថាន ជនសង្ស័យទាំង៤នាក់ បានសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាមានពាក់ព័ន្ធនឹងបើកធ្វើអាជីវកម្មកែច្នៃផលអនុផលព្រៃឈើ ដោយគ្មានច្បាប់៕