(អន្លង់វែង, ឧត្តរមានជ័យ)៖ បើទោះបីទឹកដីកម្ពុជា ត្រូវបានរំដោះចេញពីរបបខ្មែរក្រហមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិយ៉ាងណាក្តី តែទឹកដីស្រុកអន្លង់វែង ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នោះត្រូវរង់ចាំរយៈពេលរហូតដល់ទៅជិត២០ឆ្នាំទៀត ទើបត្រូវបានរំដោះ និងមានសិទ្ធិសេរីភាពពេញលេញដូចជាពលរដ្ឋនៅតំបន់ដទៃទៀត។
អតីតមេដឹកនាំខ្មែរក្រោយពេលរបបរបស់ពួកគេត្រូវបានវាយផ្តួលរំលំ បាននាំគ្នារត់ទៅពួនជ្រកតាមតំបន់ព្រំដែនខ្មែរ-ថៃ ជាពិសេសនៅលើទឹកដីស្រុកអន្លង់វែងតែម្តង។ អតីតមេដឹកនាំសំខាន់ៗជាច្រើនរូបបានទៅលាក់ខ្លួននៅស្រុកអន្លង់វែងមានដូចជា ប៉ុល ពត ស៊ុន សេន និងលោក អ៊ុង ជឿន ហៅតាម៉ុក ជាដើម។
ក្រោមការដឹកនាំរបស់អតីតមេដឹកនាំខ្មែរក្រហមនោះ ប្រជាពលរដ្ឋនៅស្រុកអន្លង់វែង នៅតែរស់ក្រោមការបំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង គ្មានកម្មសិទ្ធិឯកជន គ្មានការចាយក្រដាស់ប្រាក់ និងរងទុក្ខបុកម្នេញផ្សេងៗជាច្រើនទៀត ជាពិសេសផលលំបាកកើតចេញពីការបាញ់ផ្លោងគ្រាប់ដាក់គ្នាស្ទើររាល់ថ្ងៃពីកងកម្លាំងរបស់រាជរដ្ឋាភិបាល ជាមួយកម្លាំងខ្មែរក្រហម។
អ្នកស្រី ប្រាក់ ទូច អាយុ ៥៧ឆ្នាំ រស់នៅភូមិទួលសាលា ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង គឺជាប្រជាពលរដ្ឋម្នាក់ ដែលបានរស់នៅក្នុងស្រុកអន្លង់វែងនេះ តាំងពីអំឡុងចុងទសវត្សរ៍ឆ្នាំ៧០ ពោលតាំងពីតំបន់នោះគ្រប់គ្រងដោយអតីតមេខ្មែរក្រហម។ អ្នកស្រី ប្រាក់ ទូច បាននៅចាំយ៉ាងច្បាស់ពីស្ថានភាពនៃការរស់នៅដ៏លំបាកយ៉ាប់យ៉ឺនក្នុងពេលនោះ។
អ្នកស្រី បានប្រាប់ Fresh News ថា ការរស់នៅក្រោមការគ្រប់គ្រងរបស់អតីតមេដឹកនាំខ្មែរក្រហមនាពេលនោះ មិនមានការចាយប្រាក់ គ្មានកម្មសិទ្ធិឯកជន មិនមានសិទ្ធិសាងសង់ផ្ទះធំទ្រនំខ្ពស់សម្រាប់ការរស់នៅនោះឡើយ។ ប្រជាពលរដ្ឋ ក៏មិនអាចបើកស្តាប់វិទ្យុ ឬធ្វើអ្វីផ្សេងទៀតតាមចិត្តរបស់ខ្លួននោះទេ។
«របបចែកគ្នាយើងចង់ធ្វើអ្វីទៅ ធ្វើមិនបាន។ គេអត់ចាយលុយ វាអត់មានសេរីភាព...។ យើងមិនហ៊ានសូម្បីបើកវិទ្យុស្តាប់ ក៏គេមិនឲ្យស្តាប់ដែរ តាមដានខ្ញុំ សូម្បីបើកវិទ្យុប៉ុស្តិ៍ថៃឲ្យកូនស្តាប់ក៏មិនបានដែរ គេថាយើងបើកខាងរដ្ឋាភិបាលស្តាប់។ ផ្លូវថ្នល់អត់មានដូចយើងសព្វថ្ងៃនេះទេ ផ្ទះធ្វើមិនបាន ធ្វើអ៊ីចឹងទៅវ៉ៃគ្នាឆេះអស់។ លុយកាក់អីយើងមិនមានលទ្ធភាពរកទេ ព្រោះនៅក្នុងរបបរួមរកអីណាបាន អត់មានបានទេ»។ អ្នកស្រី ទូច បញ្ជាក់។
អ្នកស្រី ប្រាក់ ទូច ក៏បានរំលឹកដែរថា ការប្រយុទ្ធគ្នារវាងកងទ័ពរបស់រាជរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហមធ្វើឲ្យឆេះផ្ទះសម្បែង និងតម្រូវឲ្យប្រជាពលរដ្ឋរត់គេចពីគ្រាប់ស្ទើរគ្មានលស់ថ្ងៃនោះឡើយ។ «វ៉ៃគ្នាម្តងៗកណ្តៀតកូនទៅព្រៃ ពេលគេឈប់វ៉ៃក៏កណ្តៀតកូនមកវិញ។ វេទនាខ្លាំងណាស់»។
លោក កាញ់ ខៀន ស្វាមីរបស់អ្នកស្រី ប្រាក់ ទូច បានពិការជើងម្ខាងដោយសារតែភ្លើងសង្គ្រាមនៅក្នុងពេលនោះ។ លោក កាញ់ ខៀន បានរំលឹកថា ក្នុងរបបនោះបើទោះបីលោកត្រូវពិការជើងហើយ ក៏នៅតែគេបង្ខំឲ្យទៅការផ្សេងៗ ដូចជាការបិតចម្រូងជាដើម។
លោក កាញ់ ខៀន បានអះអាងថា រូបលោក ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត បានរីករាយជាខ្លាំងនៅពេលបានឮពីការការដាក់ចេញនយោបាយបង្រួបង្រួមជាតិរបស់សម្តេចតេជោ ហ៊ុន សែន។ រីករាយក៏ដោយសារតែភ្លើងសង្គ្រាម និងទុក្ខវេទនារស់ក្រោមការដឹកនាំរបស់អតីតមេដឹកនាំខ្មែរក្រហមធ្វើឲ្យប្រជាពលរដ្ឋឆ្អែតឆ្អន់។
រហូតដល់ចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ស្រុកអន្លង់វែង ត្រូវបានរំដោះមកស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលតែមួយ។ ប្រជាពលរដ្ឋស្រុកអន្លង់វែង ក៏មានសិទ្ធិសេរីភាពពេញលេញ និងមានសិទ្ធិប្រកបរបររកស៊ីចិញ្ចឹមជីវិតទៅតាមការចែងក្នុងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។
រយៈពេលប្រមាណជា ២០ឆ្នាំក្រោយការរើខ្លួនចេញពីការគ្រប់គ្រងរបស់អតីតមេដឹកនាំខ្មែរក្រហមបច្ចុប្បន្នប្រជាពលរដ្ឋស្រុកអន្លង់វែង បានប្រឹងប្រែងកសាងជីវភាព តាមរយៈការធ្វើស្រែចំការ និងការចិញ្ចឹញសត្វផ្សេងៗ ធ្វើឲ្យជីវភាពរបស់ពួកគេមានភាពប្រសើរច្រើន។ ប្រជាពលរដ្ឋមានលទ្ធភាពសាងសង់ផ្ទះធំៗធ្វើពីឈើ និងថ្មជាដើម។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព ត្រូវបានសាងសង់ឡើង បណ្តាញអគ្គិសនីត្រូវបានតភ្ជាប់ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្រុមគ្រួសារអ្នកស្រី ប្រាក់ ទូច និងលោក កាញ់ ខៀន បើទោះបីគាត់ពិការជើងម្ខាងយ៉ាងណាក្តី តែពួកគាត់បានប្រឹងប្រែងរួមគ្នាកសាងជីវភាពគ្រួសារមួយដ៏ល្អប្រសើរក្រោយពេលពួកគាត់ត្រូវបានរំដោះចេញពីការគ្រប់គ្រងរបស់អតីតមេដឹកនាំខ្មែរក្រហម។ បច្ចុប្បន្នគ្រួសាររបស់អ្នកស្រីមានផ្ទះធំគួរសមដោយសង់ពីឈើផ្នែកខាងលើ និងខាងក្រោមធ្វើពីថ្ម។ គាត់ក៏មានគោយន្តពីរគ្រឿង និងរថយន្តកាមេរីឆ្លាមមួយគ្រឿងសម្រាប់ធ្វើមធ្យោបាយ។
អ្នកស្រី ប្រាក់ ទូច និងលោក កាញ់ ខៀន បានរីករាយចំពោះនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាឱកាសឲ្យពួកគាត់មានសិទ្ធិសេរីភាពក្នុងការរស់នៅ និងកសាងជីវភាពដ៏ប្រសើរមួយដូចពេលបច្ចុប្បន្ន។ ពួកគាត់ ក៏បានបង្ហាញការពេញចិត្តចំពោះរបបដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាពេលបច្ចុប្បន្នផងដែរ។ ពួកគាត់លើកឡើងថា របបបច្ចុប្បន្នផ្តល់លទ្ធភាពនៃការរស់នៅស្មើៗគ្នា អ្នកដែលឧស្សាហ៍ អ្នកដែលប្រឹងប្រែង គឺអាចសាងជីវភាពមួយដ៏ប្រសើរ មិនដូចពេលរស់នៅក្រោមការដឹកនាំរបស់អតីតខ្មែរក្រហមនោះឡើយ៕