(ភ្នំពេញ)៖ នគរបាលប៉ុស្តិ៍ចោមចៅ២ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះថា មានករណីគាស់បន្ទប់លួចយកម៉ូតូបាត់ចំនួន២គ្រឿង។ ក្រោយពីបានទទួលពាក្យបណ្តឹងរួចហើយនោះ លោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលចោមចៅ២ បានទទួលបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតកំណត់មុខសញ្ញា និងឈានដល់ការចាប់ខ្លួន ជនសង្ស័យបានម្នាក់ដកហូតម៉ូតូជនរងគ្រោះ២គ្រឿង ត្រឡប់មកវិញប្រើពេលត្រឹម២៤ម៉ោង។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៨នេះ ចំណុចបុរីប៊ុន ហ៊ួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលចោមចៅ២ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សូ លីដា ហៅអាស្វិត អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលលេខA៩ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះទី១.ឈ្មោះ ថុល ធឿន អាយុ២៨ឆ្នាំ ភេទស្រី មុខរបរកម្មការិនីរោងចក្រស្នាក់នៅ បន្ទប់លេខ២៥ជាន់ទី៤ ក្នុងបុរី ប៊ុន ហ៊ួរ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យលួចនោះម៉ាកស្កុបពីពណ៌ក្រហម លាយខ្មៅពាក់ស្លាកលេខភ្នំពេញ1FP.0519 និងជនរងគ្រោះទី២.ឈ្មោះ ឈាល ហាវ បាត់ម៉ូតូម៉ាកហុងដាឌ្រីមសេរី២០០៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1D.6805។
លោក សាន ប៉ែត បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញ វេលាម៉ោង០៦៖៣០នាទីព្រឹក ជនរងគ្រោះបានក្រោកពីដេក រួចចុះពីបន្ទប់ជួលលេខ២៥ ជាន់ទី៤ ដើម្បីចុះមកយកម៉ូតូដែលខ្លួនបានទុកនៅបន្ទប់ផ្ញើម៉ូតូខាងក្រោម។
លោក សាន ប៉ែត បានបន្តថា នៅពេលដែលជនរងគ្រោះទាំង២នាក់ បានចុះទៅដល់កន្លែងកើតហេតុស្រាប់តែបាត់ម៉ូតូជនរងគ្រោះ២គ្រឿង។ ជនរងគ្រោះទាំង៣បានធ្វើដំណើរ ព្រមគ្នាមកដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ២ ដើម្បីឲ្យនគរបាលជួយស្រាវជ្រាវតាមរកម៉ូតូរបស់ខ្លួនផងដែរ។
លោក សាន ប៉ែត បានបន្តទៀតថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះហើយនោះ និងមានបញ្ជាពីលោក យឹម សារ៉ាន់ កម្លាំងប៉ុស្តិ៍បានបើកប្រតិបត្តិការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់រហូតកំណត់មុខសញ្ញា បាននិងឈានដល់ការចាប់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតម៉ូតូជនរងគ្រោះត្រឡប់មកវិញ ព្រមទាំង ដកហូតវត្ថុតាងមួយចំនួនធំ រួមមាន ដែលសម្រាប់កាច់សោរកម៉ូតូ ប្រដាប់ជក់គ្រឿងញៀន និងវត្ថុតាងមួយចំនួនធំទៀតផងដែរ ក្រោមប្រតិបត្តិការត្រឹមតែ២៤ម៉ោង។
ក្រោយពេលបញ្ចប់ប្រតិបត្តិការ កម្លាំងនគរបាលបានប្រគល់ម៉ូតូទៅឱ្យជនរងគ្រោះវិញភ្លាមភ្លាម និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យបន្ត ទៅផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕