(ក្រចេះ)៖ ក្រុមឈ្មួញដឹកឈើបែបអនាធិបតេយ្យ លើកគ្នាប្រមាណ៣០ទៅ៤០នាក់ មករំដោះរថយន្ដសាំងយ៉ុង ដឹកឈើ១គ្រឿង នៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ស្ថិតនៅស្រុកស្នួល ក្រោយពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្រ្កាបរថយន្ដដឹកឈើ១គ្រឿងនោះ បានប្រហែល១ម៉ោង។ រថយន្តនេះ ត្រូវបានពួកឈ្មួញ លើកគ្នាមករំដោះយកវិញ ដោយសុវត្ថិភាព កាលពីម៉ោង១១៖៣០នាទីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨។
ក្រុមរថយន្ដដឹកឈើមួយក្រុមនោះ បានបើកបរប្រជែងគ្នាយ៉ាងអនាធិបតេយ្យ។ មកដល់ចំណុចរង្វង់មូលស្រុកស្នួល ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ស្ទាក់ចាប់បាន១គ្រឿង ក្នុងចំណោមរថយន្ដចំនួន៣គ្រឿង តែ២គ្រឿងទៀតរត់រួច ហើយកម្លាំងអាវុធហត្ថ បានយករថយន្ដដឹកឈើនោះ មករក្សាទុកក្នុងសង្កាត់រដ្ឋបាលព្រៃឈើស្នួល។
បន្ទាប់ពីអូសរថយន្ដសាំយ៉ុងដឹកឈើ មករក្សាទុកបានប្រហែលជាជិត១ម៉ោង ស្រាប់តែមានក្រុមអ្នករកស៉ី ដឹកបទល្មើសព្រៃឈើទាំងនោះ បានបើករថយន្ដសាំយ៉ុង៣គ្រឿង ដឹកបក្ខពួកគ្នាគេមកប្រហែលជាង៣០នាក់ បានមករំដោះយករថយន្ដសាំយ៉ុងដឹកឈើ ដែលកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានចាប់នោះ។ ពួកគេបានរំដោះយកទៅវិញដោយសុវត្ថិភាព បើទោះបីមានកម្លាំងអាវុធហត្ថ នៅនឹងមុខសង្កាត់រដ្ឋបាលព្រៃឈើនោះ ក៏ដោយចុះ ក៏ក្រុមពួកឈ្មួញឈើទាំងនោះ មិនខ្លាចញញើតឡើយធ្វើដូចចោរប្លន់អញ្ចឹង។
លោក ម៉ី ធារិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើដីស្នួល បានឲ្យដឹងថា ឈើទាំងនោះ ជាឈើប្រភេទលេខ១ (ធ្លីក សុក្រំ)។ ចំពោះក្រុមប្រជាពលរដ្ឋ ដែលមករំដោះរថយន្ដពីសង្កាត់រដ្ឋបាលព្រៃឈើនោះ លោក មិនស្គាល់អត្តសញ្ញាណទេ តែក្រុមការងារបានថតជាប់មុខក្រុមអ្នកមករំដោះរថយន្ដទាំងនោះខ្លះដែរ ហើយក្រុមទាំងនោះសាហាវណាស់។
លោកបានបន្តថា ក្នុងរដ្ឋបាលព្រៃឈើជាទីប្រជុំជន មានទាំងកងកម្លាំងបែបនេះហើយ ហ៊ានមករំដោះទៀត បើសិនជានៅក្នុងនៅក្នុងព្រៃវិញ មិនដឹងជាធ្វើបែបណានោះទេ។
ប្រជាពលរដ្ឋទាំងនោះសំណូមពរ ដល់ស្ថាប័នច្បាប់ ឲ្យចាត់វិធានការក្ដៅទៅលើក្រុមទាំងនោះ ដើម្បីទុកជាមេរៀនដល់អ្នកក្រោយ កុំឲ្យធ្វើអ្វីតែអំពើចិត្តព្រោះប្រទេសមានច្បាប់៕