(រតនគិរី)៖ ស្ពានបេតុងឆ្លងកាត់អូរលីង ប្រវែង៥០ម៉ែត្រ និងសាលារួមភូមិធ្វើអំពីឈើប្រក់ស័ង្កសី ដែលជាអំណោយរបស់លោកព្រឹទ្ធាចារ្យ ប៊ូ ថង និងលោកស្រី ខាំ ភៀន ប៊ូថង ផ្តល់ជូនប្រជាពលរដ្ឋឃុំកាចូន ស្រុកវើនសៃ ខេត្ដរតនគិរី ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្របពេលដែលរដ្ឋបាលខេត្តរតនគិរី រៀបចំប្រារព្ធមិទ្ទីងអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ ១៩៧៨-២ធ្នូ ២០១៨។
ពិធីសម្ពោធ និងទិវាជាប្រវត្តិសាស្រ្តនេះ ត្រូវបានប្រារព្ធធ្វើឡើងព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ នៅភូមិកាចូន ឃុំកាចូន ស្រុកវើនសៃ ក្រោមអធិបតីភាព លោកព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តរតនគិរី និងជាទីប្រឹក្សា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
បន្ទាប់ពីការកាត់ខ្សែបូសម្ពោធសមិទ្ធផលរួចមកលោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិខេត្ត បានលើកឡើងថា ២ធ្នូ គឺជាថ្ងៃប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់រូប មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ ហើយថ្ងៃ២ធ្នូ ជាថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានរំដោះទឹកដី និងរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាជនកម្ពុជាចាត់ទុកថ្ងៃ២ធ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់ចំពោះបុព្វហេតុ នៃការរស់រានមានជីវិតឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជា។
លោកអភិបាលខេត្ត បានបន្តថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះឲ្យរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេរណសិរ្ស២ធ្នូ បានជួយស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស។ រណសិរ្សសាមគ្គី សង្គ្រោះជាតិមាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨ បច្ចុប្បន្នដូរឈ្មោះ មកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»។
ជាមួយគ្នានេះ លោកព្រឹទ្ធាចារ្យ ប៊ូ ថង បានរំលឹកឡើងវិញពីដំណើរជីវិតរបស់ព្រឹទ្ធាចារ្យ ក្នុងការចូលរួមជាមួយរណសិរ្យសាមគ្គីសង្គ្រោះជាតិមាតុភូមិ ក្នុងការរំដោះជាតិមាតុភូមិពីរបប ប៉ុល ពត។ លោកព្រឹទ្ធាចារ្យសង្កត់ធ្ងន់ថា ជាកូនជនជាតិដើមភាគតិចរូបលោក រួមនិងឥស្សរជនជនជាតិដើមភាគតិច មួយចំនួនទៀត រួមមានលោក ស៊ើយ កែវ, លោក ប៊ុន មី ព្រមទាំងឥស្សរជនជនជាតិដើមភាគតិចជាច្រើនរូបទៀត ពិតជាមានមោទនភាពណាស់ ដែលបានរួមចំណែកជាមួយសម្តេចទាំងបី បង្កើតឡើងនូវរណសិរ្យសាមគ្គីសង្រ្គោះជាតិមាតុភូមិកម្ពុជា ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពី របបកម្ពុជាប្រជាធិតេយ្យ ប៉ុល ពត រហូតទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
លោកបានបន្តថា អ្វីៗដែលប្រជាជនជនកម្ពុជាទទួលបាននាពេលនេះ គឺផ្តើមឡើងពីការបូជាសាច់ស្រស់ឈាមស្រស់ របស់កម្មាភិបាលយុទ្ធជនយុទ្ធនារី ជំនាន់មុន។ បើគ្មានរណសិរ្យ ២ធ្នូ ១៩៧៨ទេ ក៏គ្មានថ្ងៃជ័យជំនះ ៧មករា ១៩៧៩ដែរ ហើយបើគ្មានជ័យជំនះ៧មករា ១៩៧៩ទេ ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ។
លោកព្រឹទ្ធាចារ្យ ប៊ូ ថង ក៏បានលើកឡើងផងដែរ ពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវការឯកភាពជាតិ សុខសន្តិភាព ស្ថេរភាពនយោបាយប្រជាជនរស់នៅក្រោមដំបូលរដ្ឋធមនុញ្ញតែមួយ រស់នៅក្រោមម្លប់នៃសន្តិភាពព្រមទាំងប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដូច្នះសូមកូន ក្មួយ និងចៅៗជំនាន់ក្រោយ បន្តចូលរួមថែរក្សាការពារនូវរាល់សមិទ្ធផល ២ធ្នូ សមិទ្ធផល៧មករា ឲ្យបានស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់បន្តបន្ទាប់ទៀត៕