(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានថ្លែងថា សហរដ្ឋអាមេរិក មិនមែនជាបិតាប្រជាធិបតេយ្យនោះទេ។ លោកអះអាងថា បើនិយាយអំពីសិទ្ធិមនុស្សវិញ កម្ពុជាមានភាពល្អប្រើសើរជាងអាមេរិកផងដែរ។
ការលើកឡើងរបស់លោក កែវ រ៉េមី បែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលកម្ពុជា ប្រារព្ធពិធីខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ ២០១៨ ក្រោមប្រធានបទ «រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស» ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅសាលមហោស្រពកោះពេជ្រ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក មានបងប្អូនប្រជាជនខ្មែរយើងខ្លះ លោកមានការយល់ច្រឡំថា ជាបិតាប្រជាធិបតេយ្យ តាមពិតមិនមែនទេ។ បញ្ហាច្រើនណាស់»។
បើតាមលោក កែវ រ៉េមី ផ្អែកលើទិន្នន័យមួយពីអង្គការសង្គមស៊ីវិលអាមេរិកបានឲ្យដឹងថា ប្រជាជនអាមេរិក មានតែ៥ភាគរយប៉ុណ្ណោះ នៃប្រជាជនសរុបនៅលើសកលលោក ក៏ប៉ុន្តែអ្នកទោសអាមេរិកមានដល់ទៅ ២៥ភាគរយ នៃចំនួនអ្នកជាប់គុកទូទាំងសកលលោក។
លោកថា បើគិតអត្រានៃអ្នកជាប់គុកនៅអាមេរិក គឺខ្ពស់មែនទែន ហើយបើគិតជាតួលេខគឺ ២.៤លាននាក់ បើគិតជាប្រជាជននៅរាជធានីភ្នំពេញ ប្រហាក់ប្រហែលនៅទីក្រុងភ្នំពេញ។ លោក កែវ រ៉េមី បានបន្តថា គេសង្កេតឃើញទៀតថា អ្នកជាប់គុកនៅសហរដ្ឋអាមេរិក៦០ភាគរយ សម្បុរមិនមែនពណ៌សទេ គឺដូចជាស្បែកខ្មៅ ម៉ិចស៉ីកូ អាស៉ី។
លោក កែវ រ៉េមី បានគូសបញ្ជាក់ដែរថា ចំណែកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរ បើប្រៀបធៀបនឹងបណ្តា ប្រទេសមួយចំនួននៅទ្វីបអាស៉ី នៅអឺរ៉ុប ជាពិសេសបើប្រៀបធៀបនឹងអាមេរិក។ ជាមួយគ្នានេះ សន្តិភាព គឺជាគន្លឹះមួយ នៃការដែលនាំឲ្យសិទ្ធមនុស្ស កាន់តែត្រូវបានលើកកម្ពស់។
លោកបានបញ្ជាក់បន្ថែមថា «មានប្រជាពលរដ្ឋ សួរខ្ញុំតាម Facebook ថា កម្ពុជាមានសិទ្ធិមនុស្សទេ? មានការគោរពសិទ្ធិមនុស្សអត់? ខ្ញុំឆ្លើយថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរណាស់ ប្រៀបធៀបជាមួយ បណ្តាប្រទេសជិតខាងមួយចំនួន នៅអាស៉ី នៅអឺរ៉ុប នៅអាមេរិក ស្ថានភាពរបស់យើង មានលក្ខណៈល្អប្រសើរ។ អញ្ចឹងខ្ញុំសូមជម្រាបជូនទៀតថា កត្តាសន្តិភាព គឺជាគន្លឹះមួយនៅក្នុងការលើកកម្ពស់សិទ្ធិមនុស្ស»៕