(សៀមរាប)៖ សិក្ខាកាមជាច្រើននាក់នៅកម្ពុជា និងមកពីបង់ក្លាដេស ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម ព្រមទាំងដៃគូអភិវឌ្ឍន៍មកពីកម្ពុជា កូរ៉េ ភូមា ស្វីស អ៊ីតាលី ចិន ឥណ្ឌូនេស៊ី ឥណ្ឌា វៀតណាម ថៃ និងភ្នាក់ងារអភិវឌ្ឍន៍ផ្សេងទៀត បានចូលរួមជាមួយគ្នាក្នុងវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី គុណភាពនៃការអនុវត្តន៍ហ្វឹកហ្វឺនកូនជាង។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប ដែលរៀបចំដោយអង្គការអន្តរជាតិខាងការងារ (ILO)។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក អ៉ិត សំហេង បានលើកឡើងថា សម្រាប់កម្ពុជា តាមរយៈការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជាបន្តទទួលបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧% និងបានឆ្លងផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការនៅឆ្នាំ២០១៥។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៤ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១. បង្កើនការយល់ដឹងដល់សិក្ខាកាមពីការហ្វឹកហ្វឺនកូនជាង។
២. ចែករំលែកបទពិសោធន៍ ការចុះអធិការកិច្ចការងារហ្វឹកហ្វឺនកូនជាងរវាងប្រទេស និងប្រទេស ក៏ដូចជាក្នុងតំបន់។
៣. កំណត់ធាតុគន្លឹះដែលជាការអនុវត្តល្អនៃស្ថាប័នក្នុងការអភិវឌ្ឍ និងអនុវត្តហ្វឹកហ្វឺនកូនជាងឱ្យមានគុណភាព។
៤. រៀបចំផែនការសកម្មភាព ដើម្បីលើកកម្ពស់គុណភាពនៃកម្មវិធីហ្វឹកហ្វឺនកូនជាង។
លោក អ៉ិត សំហេង បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៣ ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងបានធ្វើការហ្វឹកហ្វឺនកូនជាងនៅតាមបណ្តាសហគ្រាស គ្រឹះស្ថានសរុបចំនួន ៨៥,៩៩៧នាក់ (ស្រី ៦៣,១៤៥នាក់) ដោយការអនុវត្តកន្លងមកនេះ បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដូចជា៖
១. សហគ្រាស គ្រឹះស្ថានខ្លះមិនទាន់យល់ពីនិយមន័យនៃការហ្វឹកហ្វឺនកូនជាង។
២. សហគ្រាសគ្រឹះស្ថានខ្លះយល់ថាការងារនេះ ជាកាតព្វកិច្ចរបស់រដ្ឋ។
៣. និយោជកមិនចង់អនុវត្ត ព្រោះគាត់យល់ឃើញថា ការជ្រើសរើសកម្មករនិយោជិតមកបម្រើការងារសុទ្ធតែមានជំនាញ។
៤. ការចំណាយច្រើនលើការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង។
៥. សហគ្រាសគ្រឹះស្ថានប្តូរឈ្មោះ និងទីតាំង ដោយមិនបានជូនដំណឹង។
៦. សហគ្រាសគ្រឹះស្ថានផ្តល់ទិន្នន័យមិនច្បាស់លាស់អំពីចំនួនកម្មករនិយោជិត។
៧. ខ្វះខាតថវិកា និងមធ្យោបាយសម្រាប់ចុះត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីហ្វឹកហ្វឺនកូនជាង។
អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ពិតជាមានគុណតម្លៃយ៉ាងខ្លាំង ចំពោះវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពិសេសការអនុវត្តការហ្វឹកហ្វឺនកូនជាងនៅកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីបំពេញបន្ថែមនៅចំណុចខ្វះខាតមួយចំនួន ក្នុងការអនុវត្តការហ្វឹកហ្វឺនកូនជាង នៅតាមសហគ្រាស គ្រឹះស្ថានឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។
បន្ទាប់ពីបញ្ចប់នូវវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមនឹងទទួលបាន៖
* យល់កាន់តែស៊ីជម្រៅនូវគុណភាពនៃការហ្វឹកហ្វឺនកូនជាង និងការវាស់ស្ទង់បទពិសោធន៍ ការងារនៅក្នុងប្រទេសរបស់ខ្លួន។
* បែងចែកនូវតួនាទីរបស់និយោជក និងអង្គការកម្មករនិយោជិត នៅក្នុងវិធាននៃគុណភាពនៃការហ្វឹកហ្វឺនកូនជាង និងការវាស់ស្ទង់បទពិសោធន៍ការងារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវអន្តរការពីសាលាទៅកន្លែងធ្វើការ។
* កំណត់បាននូវអ្វីដែលជាការងារត្រូវលើកកម្ពស់បទពិសោធន៍ សម្រាប់យុវជននៅក្នុងតំបន់ និងក្រៅតំបន់។
* កំណត់នូវជំហានបន្ទាប់ ដើម្បីលើកកម្ពស់បទពិសោធន៍ការងាររបស់យុវជន សម្រាប់ប្រទេសពួកគេ៕