(ភ្នំពេញ)៖ វាគ្មិនល្បីៗផ្នែកផ្លូវចិត្តជាច្រើនរូបនៅកម្ពុជា បានជួបគ្នាចែករំលែកគន្លឹះដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត ក្រោមប្រធានបទ «រោគសញ្ញា និងដំណោះស្រាយនៃជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា -ជប៉ុន CJCC នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨។ នៅក្នុងសិក្ខាសាលានោះ មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ មាជ សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ, វាគ្មិនល្បីៗផ្នែកផ្លូវចិត្តជាច្រើនរូបនៅកម្ពុជា និងមន្រ្តីដែលធ្វើការពាក់ព័ន្ធទៅលើការប្រយុទ្ធប្រឆាំង ទៅលើផលិតផលក្លែងក្លាយជាច្រើនរូបទៀត។
ដោយសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ផលិតផលក្លែងក្លាយ នៅតែបន្តមានចរាចរណ៍នៅកម្ពុជា ធ្វើឲ្យមានផលប៉ះពាល់ដល់ផ្លូវកាយរបស់ប្រជាពលរដ្ឋ បើប្រជាពលរដ្ឋ មានសុខភាពផ្លូវកាយទ្រុតទ្រោម នោះផ្លូវចិត្កយើងក៏មានបញ្ហាដែរគ្រាន់តែតិច និងច្រើន។ មូលហេតុនេះហើយ បានជាក្រុមវាគ្មិន និងក្រសួងស្ថាប័នពាក់ព័ន្ធ បានរៀបចំកម្មវិធីសិក្ខាសាលានេះឡើង។
នាយឧត្តមសេនីយ៍ មាជ សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានលើកឡើងថា ដោយសារស្ថានភាពបរិយាកាសង្គម បរិស្ថាន របៀបរបបរស់នៅ ក្នុងទីក្រុងសព្វថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋមានបញ្ហាផ្លូវចិត្តទោះក្នុងកម្រិតស្រាលណាមួយ គឺមនុស្សម្នាក់អាចនឹងមានបញ្ហានេះកើតឡើង។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ មាជ សុផាន់ណា ក៏បានកោតសរសើរដែលបានបង្កើតកម្មវិធី សិក្ខាសាលានេះឡើង ហើយសិក្ខាសាលាមួយនេះ នឹងធ្វើឲ្យសិក្ខាកាមទទួលបានអត្ថប្រយោជន៍ ពីការពិភាក្សា ផ្តល់យោបល់ និងចែករំលែកចំណេះនៅក្នុងឱកាសនេះ។
នាយឧត្តមសេនីយ៍ មាជ សុផាន់ណា បានលើកឡើងថា សិក្ខាសាលានេះ បានបើកទូលាយឲ្យមនុស្សមានបញ្ហាផ្លូវចិត្ត បានជជែកគ្នា និងផ្លាស់ប្តូរគំនិតឲ្យគ្នា ជាពិសេសគឺបានរកឃើញនូវចំណុចអវិជ្ជមានរបស់ខ្លួន ហើយយកមកព្យាបាល និងកែប្រែឡើងវិញ។
លោកបានបន្ថែមថា នៅបណ្តាប្រទេសជឿនលឿន គឺបានយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តនេះណាស់ នៅតាមបណ្តាកន្លែងធ្វើការ សាលារៀនផ្សេងៗ គឺសុទ្ធតែមានជំនាញនៅប្រចាំ ដើម្បីបានពិភាក្សាគ្នា និងអាចព្យាបាលបានភ្លាមៗ ពីព្រោះសុខភាពផ្លូវចិត្តត្រូវការនិយាយគ្នា និងរកមូលហេតុឲ្យឃើញ។
នៅក្នុងឱកាសនោះផងដែរ សាស្រ្តចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា នាយកផ្នែកជំងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូរវៀត បានធ្វើបទបង្ហាញយ៉ាងស៊ីជំរៅនៃរោគសញ្ញា និងវិធីដំណោះស្រាយនៃជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ» ចែកជូនដល់សិក្ខាកាមជាច្រើននាក់។
សាស្រ្តចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា បានឲ្យដឹងថា មកដល់ពេលនេះ មានប្រជាពលរដ្ឋកាន់តែច្រើនហើយ ដែលបានដឹងច្បាស់ថាខ្លួនមានបញ្ហាសុខភាពផ្លូវចិត្ត តាមរយៈការផ្សព្វផ្សាយ និងបង្កើតឲ្យមានកម្មវិធីសិក្ខាសាលាបែបនេះ។ បញ្ហាសុខភាពផ្លូវចិត្ត គឺកើតមានលើមនុស្សគ្រប់គ្នា គ្រាន់តែស្រាល ឬធ្ងន់ធ្ងរ៕