(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង ផ្តួចផ្តើមគំនិតសាងសង់សាលាធម្មសភា វត្ត មណិរតនារាម (ទួលទំពូង) ដែលការសាងសង់ត្រូវចំណាយអស់ថវិកាជិត១លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសម្រាប់ប្រើប្រាស់ជាសាធារណៈ និងប្រយោជន៍រួម សម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្ត។
កម្មវិធីបញ្ចុះបឋមសិលាសាងសង់សាលាធម្មសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរដ្ឋមន្ដ្រី អ៊ិត សំហេង និងថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង និងពុទ្ធបរិស័ទ៤០០នាក់។
គំនិតផ្តួចផ្តើម ក្នុងការសាងសង់សាលាធម្មសភា វត្តមណិរតនារាម ឬវត្តទួលទំពូងនេះ កើតចេញពីទឹកចិត្តដ៏បរិសុទ្ធ និងប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅ របស់ក្រុមគ្រួសារ និងក្រុមហ៊ុន ជីប ម៉ុង មានទៅកាន់សហគមន៍ ដែលស្ថិតនៅជុំវិញតំបន់ទួលទំពូង ដែលជាកន្លែងដែលក្រុមហ៊ុន ជីប ម៉ុង បានចាប់បដិសន្ធិ និងតែងតែពើបប្រទះភាពរីកចម្រើន តាំងពីដើមដំបូងរហូតមកដល់សព្វថ្ងៃនេះ ក៏ដូចជាការចូលរួមចំណែកមួយជ្រុង ក្នុងការលើកកម្ពស់ព្រះពុទ្ធសាសនា តាមរយៈការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធវត្តអារាម។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង បានថ្លែងទៅកាន់អង្គពិធីថា «សាលាធម្មសភា ក្នុងវត្តមណិរតនារាម ឬវត្តទួលទំពូងនេះ ពេលសាងសង់រួចរាល់ជាស្ថាពរ គឺជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ដូច្នេះហើយការថែរក្សាឲ្យបានល្អគង់វង្ស គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដោយមិនអាចប្រកែកបាន។ ការឧបត្ថម្ភទាំងស្រុង របស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការសាងសង់អគារនេះ គ្រាន់តែជាចំនុចចាប់ផ្តើមប៉ុណ្ណោះ ការចូលរួមរបស់គណៈសង្ឃក្នុងវត្តមណិរតនារាម ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ក្នុងការចូលរួមមើលថែ និងប្រើប្រាស់ជាប្រយោជន៍រួម ទើបជាការចាំបាច់ក្នុងការថែរក្សាភាពគង់វង្ស របស់អគារសម្រាប់កូនចៅជំនាន់ក្រោយ»។
សាលាធម្មសភា ដែលមានទំហំ៨២៨ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីទំហំ១២៧៨ម៉ែត្រក្រឡា នឹងត្រូវបានសាងសង់ដោយវិស្វករ ដែលមានបទពិសោធន៍ ក្នុងការងារសំណង់សម្រិតសម្រាំង ដោយក្រុមហ៊ុន ជីប ម៉ុង ដើម្បីធានាថាគុណភាព របស់សំណង់មានភាពរឹងមាំ និងរចនាដោយអ្នកជំនាញ ផ្នែកចម្លាក់ក្បាច់ដែលមានស្នាដៃខ្ពស់ ដើម្បីធានាពីសោភណភាពស្រស់ស្អាតបានយូររបស់អគារ៕