(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅវេលាម៉ោង២១៖២០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅ P787, P1074 និង P1705 មូលហេតុដោយសារ មានអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុនឯកជនមួយកាយដីធ្វើផ្លូវបណ្ដាលឲ្យបាក់បង្គោលចំនួន០១ដើម ទ្រេតចំនួន០១ដើម និងដាច់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ ភូមិស្ងួនពេជ្រ និងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមការឲ្យដឹងពីអគ្គិសនីកម្ពុជា នៅពេលនេះដែរ ក្រុមការងារបច្ចេកទេស កំពុងធ្វើការដាំបង្គោល និងជួសជុលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៥៖០០នាទីរសៀល។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕