(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អង្គការ សង្គមស៊ីវិល សហជីព នីតិបុគ្គល និងជនរួមជាតិទាំងអស់ សូមបន្តសាមគ្គីគ្នា រួបរួមគ្នាការពារ សន្តិភាព ដើម្បីការពារ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ពង្រឹងការអនុវត្តច្បាប់ដើម្បីលិទ្ធិប្រជាធិប្បតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចំរើនរុងរឿងថែមទៀត។
នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញចូលរួមជាអធិតិភាពនៅក្នុងពិធីអបអរសារទរខួបទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ «រួមគ្នារក្សាសន្តិភាព ដើម្បីលើកកំពស់សិទ្ធិមនុស្ស» នៅសាលមហាស្របកោះពេជ្រ នៃមជ្ឈមណ្ឌលសន្តិបាត និងពិព័ណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា សមាជិករាជរដ្ឋាភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងសហគមន៍ តំណាងអង្គការជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ សិស្ស និស្សិតជាង៣៥០០នាក់។
នៅក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឡើងថ្លែងថា ពិធីនេះបានធ្វើឲ្យអាជ្ញាធររាជធានីភ្នំពេញ នឹងចូលការគោរពសិទ្ធិមនុស្ស កាន់តែល្អប្រសើរខ្លាំង ដើម្បីគោលការប្រយោជន៍ជាតិ។ រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តខ្ពស់ដល់គ្រប់អង្គការ សមាគមនានា ដែលបានចុះបញ្ជីត្រឹមត្រូវ ដោយអាចធ្វើសកម្មស្របច្បាប់ ដោយពុំចាំបាច់ជូនដំណឹង ដល់អាជ្ញាធរមូលដ្ឋាន ក្នុងរយៈពេល៣ថ្ងៃ មុនពេលធ្វើសកម្មភាពដូចពេលមុនឡើយ។
លោកបានបញ្ជាក់ថា «លើសពីនេះទៀត បើយើងក្រលែកមើលទៅលើប្រព័ន្ធផ្សព្វផ្សាយ ដូចជា បណ្តាញសង្គមនានា ចំនួនអ្នកប្រើប្រាស់បានកើនឡើងជាង៣០០ដង ពីឆ្នាំ២០០៨ ដល់ពីឆ្នាំ២០១៧ ដែលអាចឲ្យប្រជាពលរដ្ឋខ្មែរ អាចទទួលព័ត៌មានគ្រប់ច្រកល្ហក គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ សម្រាប់រាជធានីភ្នំពេញ ក្នុងនាមជារដ្ឋបាលថ្នាក់ក្រោមជាតិ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្ត ដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់នូវរាល់គោលការណ៍ចាត់តាំងអនុវត្តច្បាប់ ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការថែរក្សាសិទ្ធិមនុស្ស ឈានទៅរកការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់គ្រោមជាតិយ៉ាងពិតប្រាកដ»។
លើសពីនេះរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាន់នូវគោលការណ៍សិទ្ធិមនុស្ស និងសេរីភាពសាធារណៈរបស់ប្រជាពលរដ្ឋ ពិសេសសិទ្ធិក្នុងការសម្តែងមតិ ការប្រមូលផកតុំតវ៉ាដោយសន្តិវិធី តែសិទ្ធិទាំងនេះស្ថិតក្រោមច្បាប់ ដោយមិនមានអាជ្ញាធរមូលរដ្ឋាន ជាអ្នកសម្របសម្រួល និងថ្លឹងថ្លែងចំពោះសិទ្ធិរបស់បាតុករ និងសិទ្ធិរបស់អ្នកដទៃ ដើម្បីឧត្តមប្រយោជន៍ជាតិ និងគោលការណ៍សណ្តាប់ធ្នាប់សាធារណៈ។ លោក ឃួង ស្រេង បានបន្ថែមទៀត។
លោក ឃួង ស្រេង បានបន្តថា ពិធីអបអរសារទរខួបទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ «រួមគ្នារក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស» គឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ធំមួយ នៅក្នុងរាជធានីភ្នំពេញ គឺសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងអបអរសារទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
ក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថា ថ្ងៃនេះ ជាទិវាដ៏នក្ខត្តឫកវិសេសវិសាល និងឧត្តុងឧត្តមបំផុត ដែលព្រឹទ្ធសភា រដ្ឋសភា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសាលារាជធានីភ្នំពេញ បានសហការគ្នារៀបចំប្រារព្ធខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។ ជាមួយគ្នានេះដែរ ទិវាសិទ្ធិមនុស្ស១០ធ្នូ បានផ្តល់នូវឱកាសមួយឆ្នាំម្តង ដើម្បីរំឭកការចងចាំ និងការយល់ដឹងពីសិទ្ធិមនុស្ស ដែលមានជាប់ជាមួយយើងម្នាក់ៗ តាំងពីកំណើតមិនអាចកាត់ផ្តាច់បានឡើយ។ សិទ្ធិទាំងអស់ជាកម្មសិទ្ធិរបស់យើង និងក៏ជាកម្មសិទ្ធិរបស់អ្នកនៅជុំវិញខ្លួនយើង ទាំងអស់គ្នាផងដែរ ដោយសិទ្ធិទាំងអស់នេះ ត្រូវតែគោរពឲ្យបានត្រឹមត្រូវ ស្មើភាព និងយោគយល់គ្នាទៅវិញទៅមកក្នុងព្រំដែនច្បាប់ និងសិទ្ធិអ្នកដទៃ។
សម្តេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ទៀតថា ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា បានបង្ហាញឲ្យឃើញហើយថា សិទ្ធិមនុស្សមិនត្រូវបានគោរពនោះទេ ក្នុងកាលៈទេសៈដែលប្រទេសកើតមានសង្រ្គាម ភាពចលាចល និងអសន្តិសុខសង្គម។ ជាក់ស្តែង ប្រជាជនកម្ពុជាធា្លប់ទទួលរងនូវការរំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាង ចាប់តាំងពីការកើតមានសង្រ្គាមនាដើមទសវត្សឆ្នាំ១៩៧០មកម្ល៉េះ ជាពិសេស ក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្នុងរបបប៉ុលពត៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពួកគេបានបំផ្លិចបំផ្លាញប្រទេសជាតិខ្ទេចខ្ទីលើគ្រប់វិស័យ មានជាអាទិ៍ ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល ប្រព័ន្ធតុលាការ ច្បាប់ និងសិទ្ធិមនុស្ស សាសនា ប្រពៃណី និងវប្បធ៌ម។ល។ ប្រជាជនមិនដែលហ៊ានបញ្ចេញមតិ ទាមទារយុត្តិធ៌ម ប្រើប្រាស់សិទ្ធិ និងសេរីភាព ឬប្រជាធិបតេយ្យចំពោះ មុខរដ្ឋអំណាចអាវខ្មៅនោះឡើយ ពីព្រោះសិទ្ធិទាំងឡាយត្រូវ បានអង្គការខ្មែក្រហមដកហូតទាំងអស់ សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិដំបូងរបស់មនុស្សក៏ត្រូវបានគេដកហូតដែរ។ ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋបានទទួលរងនូវការធ្វើទារុណកម្ម ការបង្អត់អាហារ ការកាប់សម្លាប់ និងអំពើឃោរឃៅអមនុស្សធ៌មគ្រប់រូបភាព ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាង៣លាននាក់។
សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃ និងកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋា ភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបញ្ចប់សង្រ្គាមស៊ីវិល ទាំងស្រុងនៅកម្ពុជាតាមនយោបាយឈ្នះ–ឈ្នះនាឆ្នាំ១៩៩៨ និងទប់ស្កាត់ទាន់ពេលវេលានូវចលនាបដិវត្តន៍ពណ៌ ដែលបានប៉ុនប៉ងបង្កើតសង្រ្គាមនៅកម្ពុជា និងបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិមាតុភូមិដូចសព្វថ្ងៃនេះ។
ជាមួយគ្នានេះដែរ សម្តេចក៏សូមវាយតម្លៃ និងកោតសរសើរផងដែរដល់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ ដែលបាន និងកំពុងបន្តអនុវត្តតាមស្មារតីរដ្ឋធម្មនុញ្ញ គោរពគោលការណ៍ ប្រជាធិប្បតេយ្យសេរីពហុបក្ស នីតិរដ្ឋលើកស្ទួយ ការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា និងបន្តអនុវត្តយ៉ាងត្រឹមត្រូវ នូវធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិសិទ្ធិមនុស្ស និងឧបករណ៍សិទ្ធិមនុស្សអន្តរជាតិ និងតំបន់ផ្សេងៗទៀតដែលកម្ពុជាជាភាគី។ សព្វថ្ងៃ នេះប្រជាជនកម្ពុជាម្នាក់ៗ កំពុងទទួលបាននូវការការពារសិទ្ធិ ការគោរពសិទ្ធិ និងការប្រើប្រាស់សិទ្ធិយ៉ាងទូលំទូលាយ ជាអាទិ៍ សិទ្ធិរស់រានមានជីវិត សិទ្ធិប្រកបរបរចិញ្ចឹមជីវិត សិទ្ធិការងារ សិទ្ធិសហជីព សិទ្ធិបង្កើតអង្គការមិនមែនរដ្ឋាភិបាល សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំសុខភាព សិទ្ធិទទួលបានសុខមាលភាពសង្គម សិទ្ធិនយោបាយ សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពខាងជំនឿ សេរីភាពសាសនា និងវប្បធម៌ព្រមទាំងទទួល បានពីរដ្ឋប្រកបដោយសមធម៌នូវផលប្រយោជន៍ខាងសេដ្ឋកិច្ច សង្គមកិច្ច សេវាសាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។
សម្តេចប្រធានព្រឹទ្ធសភា ក៏បន្តមានប្រសាសន៍ថា លិទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្សទាំងនេះ បានមកដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព មានស្ថេរភាពនយោបាយ គឺជាសមិទ្ធផលជាប្រវត្តិសាស្រ្តដ៏ថ្លៃថ្លាដែលបានមកពីការតស៊ូ និងពលិកម្មដ៏ធំធេងរបស់រដ្ឋ និងប្រជាជន៕